កំពង់ស្ពឺ/កណ្តាលៈ តំបន់ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១ បានក្លាយជាតំបន់ពេញនិយមបំផុត លើការវិនិយោគ អចលនទ្រព្យ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារហេតុផលសំខាន់ៗ ជាច្រើន។
ហេតុអ្វីបានជាចរន្តនៃការវិនិយោគក្នុងស្រុក បានបុកសំដៅទៅតំបន់នេះច្រើន យើងសាកល្បង មើលទៅលើចំណុចសំខាន់ៗ ដូចខាងក្រោមនេះ។
សហស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia ដែលបានតាមដាន ការវិវត្តទីផ្សារដីធ្លី និងអចលនទ្រព្យនៅកម្ពុជា ជាប់ជាប្រចាំ បានមានប្រសាសន៍៍ ដោយលើកយកហេតុផល ក៏ដូចជាកត្តាលីករសំខាន់ៗមកបង្ហាញ។
ផែនការរដ្ឋាភិបាល
ជាមួយនឹងការធ្វើពិពិធកម្ម តំបន់ឧស្សាហកម្មរបស់ រដ្ឋាភិបាល ស្របតាមនិន្នាការរីកចម្រើននៃសេដ្ឋកិច្ចសង្គម បានធ្វើឲ្យរដ្ឋាភិបាលចាប់ផ្តើមគិត ពីផែនការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ឋ ពិសេសផ្លូវក្រវ៉ាត់ក្រុងនានា ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន និងធ្វើឲ្យចរន្តសាច់ប្រាក់ ហូរចូលហោប៉ៅប្រជាពលរដ្ឋដោយផ្ទាល់ ក្នុងគោលដៅពីរ ទី១ ដើម្បីកាត់បន្ថយភាពក្រីក្រផង ទី២ ដើម្បីពង្រីកផែនការអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ឋផង។
ពីមុនមកទីក្រុង មិនសូវមានសកម្មភាពសេដ្ឋកិច្ច ទើបរដ្ឋាភិបាលបានអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាសប្រមូលផ្តុំនៅក្នុងទីក្រុង ដើម្បីធ្វើឲ្យមនុស្សចូលមករស់នៅទីក្រុងច្រើន និងធ្វើឲ្យសេដ្ឋកិច្ចក្នុងទីក្រុងរសរវើក ប៉ុន្តែពេលបច្ចុប្បន្នការរីកចម្រើននៃនគរូបនីយកម្ម កំនើនប្រជាសាស្ត្រ បានធ្វើឲ្យទីក្រុងជួបការកកស្ទះចរាចរណ៍ និងធ្វើឲ្យទីក្រុងបាត់បង់សណ្តាប់ធ្នាប់ ពិសេសធ្វើឲ្យបំពុលបរិស្ថានដោយសារ ផ្សែងពុលពីរោងចក្រ សហគ្រាសនានា។
ហេតុនេះ ទើបរដ្ឋាភិបាលបានដាក់ចេញគោល នយោបាយថ្មី ដើម្បីកាត់បន្ថយបញ្ហាសង្គមផ្សេង ហើយរុញរោងចក្រ សហគ្រាសទីជនបទ ឬជាយក្រុង ដែលគោលនយោបាយនេះ ប្រៀបបីដូចជា ព្រួញមួយបាញ់បានសត្វបី ទី១ ធ្វើឲ្យតំបន់ជនបទកាន់តែរីកចម្រើន ទី២ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងទី៣ រុញទីតំបន់ជនបទកាន់តែខិតកៀកនឹងទីក្រុង ពិសេសកាត់បន្ថយការហូរចូលប្រជាពលរដ្ឋ ចូលមករស់នៅក្នុងទីក្រុងច្រើនពេក។
កាត់ចូលទីក្រុង
យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួថសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលស្ថិតនៅស្របតាមផ្លួវជាតិសំខាន់ៗទាំងពីរនេះ នឹងត្រូវកាត់មួយផ្នែកចូលមកក្នុងដែលរដ្ឋបាលរាជធានីភ្នំពេញ។
ការកាត់តំបន់ណាមួយចូលមករាជធានីភ្នំពេញ នឹងធ្វើឲ្យតំបន់នោះមានការរីកចម្រើនលឿន ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ឋពីរដ្ឋាភិបាល ការតបណ្តាញទឹកស្អាតកាន់តែលឿន ធ្វើឲ្យវិស័យឯកជនងាកទៅវិនិយោគ នៅតំបន់នោះកាន់តែច្រើន ពិសេសធ្វើឲ្យតម្លៃដីធ្លីហក់ឡើងខ្ពស់។
តំបន់អភិវឌ្ឍន៍ឧស្សាហកម្ម
ស្រដៀងនឹងការលើកឡើងខាងលើ តំបន់ផ្លូវជាតិសំខាន់ៗទាំងពីរ បាននិងកំពុងរីកចម្រើន ដោយទាក់ទាញរោងចក្រ សហគ្រាស ផែស្ងួត សំណង់លំនៅដ្ឋាន បុរី ពិសេសទាក់ទាញមនុស្សទៅរស់នៅកាន់តែច្រើន ហើយនៅពេលណាមនុស្សចូលទៅរស់នៅកាន់តែច្រើន នឹងធ្វើឲ្យតំបន់នោះមានតម្លៃដីធ្លីកើនឡើង សកម្មភាពសេដ្ឋកិច្ចកាន់តែរសរវើកមិនខាន។
តំបន់ណាក៏ដោយ គ្មានមនុស្សរស់នៅ គឺតម្លៃដីធ្លីមិនកើនឡើងនោះទេ ដោយសារគ្មានមនុស្ស នៅពេលគ្មានមនុស្សក៏គ្មានសកម្មភាពសេដ្ឋកិច្ចនោះឡើយ។
កៀកនឹងទីក្រុង
ផលប្រយោជន៍នៃភូមិសាស្ត្រ មានសារៈសំខាន់ណាស់ ព្រោះភូមិសាស្ត្រ គឺជាប់ទាក់ទងគ្នា មិនអាចកាត់ផ្តាច់បានពីការរីកចម្រើនលើផ្នែកអ្វីមួយ។ ពិសេសដូចជាតំបន់ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១ ជាផ្លូវជាតិកម្រិតខេត្តឬផ្លូវខេត្ត ដែលតភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។
ហេតុនេះកត្តាភូមិសាស្ត្រ ឬទីតាំងគឺជា ចំណុចសំខាន់ ដែលអ្នកវិនិយោគ ឆ្លាតវៃតែងតែផ្តោតដោយមិនអាចមើលរំលងនោះទេ៕ប្រភព៖propertyarea.asia