ភ្នំពេញៈ បើទោះជារដ្ឋាភិបាលបានអនុញ្ញាត ឱ្យមានការធ្វើចរាចរណ៍ឆ្លងកាត់ខេត្តក្រុង និងឱ្យដំណើរការតំបន់ទីរមណីយដ្ឋាន នៅទូទាំងប្រទេសយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ទីផ្សារអចលនទ្រព្យ ជាពិសេសផ្នែកដីឡូតិ៍ ហាក់នៅមិនទាន់អាចវិលរកសភាពល្អប្រសើរឡើងវិញនៅឡើយនោះទេ។
លោករ៉ុង សីហា នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ SEY HA Realty ដែលមានគម្រោងដីឡូតិ៍ចំនួន៣ នៅក្នុងដៃស្ថិតនៅតំបន់ផ្លូវលេខ៥១ ផ្លូវ៤១ និងផ្លូវជាតិលេខ៣បានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ថា ទីផ្សារដីឡូតិ៍ថ្វីត្បិតថាមានភាពទូលាយ ជាងទីផ្សារដទៃក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែសម្រាប់អតិថិជនគោលដៅភាគច្រើន ជាអ្នកដែលមានចំណូលមធ្យម និងក្រោមមធ្យមដែលកំពុងរងនូវផលប៉ះពាល់នាពេលបច្ចុប្បន្ន។
លោកបន្តថា “តាមការមើលឃើញរបស់ខ្ញុំ ទោះជាមានការបើកឱ្យមានចរាចរណ៍ឆ្លងកាត់ខេត្តមែន ប៉ុន្តែសម្រាប់ដីឡូតិ៍ដែលស្ថិតនៅតាមតំបន់ជុំវិញក្រុង ឬឆ្ងាយពីក្រុងប្រមាណ២០គីឡូម៉ែត្រ នៅតែមិនទាន់អាចងើបឡើងវិញបានភ្លាមៗនោះទេ” ។
លោកបន្តថា អ្នកទិញដីឡូតិ៍ភាគច្រើន ជាអ្នកដែលមានចំណូលមធ្យម និងក្រោមមធ្យម ដូចជាកម្មកររោងចក្រ អ្នកមានអាជីវកម្មខ្នាតតូច ឬមធ្យមជាលក្ខណៈគ្រួសារ ដែលពួកគាត់ទិញដីឡូតិ៍ ដោយការបង់រំលោះប្រាក់ ដែលពួកគាត់នៅសល់ប្រចាំថ្ងៃតិចតួច ឬលុយសន្សំប្រចាំខែ ប៉ុន្តែដោយសារតែកូវីដ បានធ្វើឱ្យពួកគាត់បាត់បង់ចំណូល និងកំពុងជួបផលលំបាក។
លោករ៉ុង សីហា បានបញ្ជាក់បន្ថែមថា អ្នកដែលទិញដីឡូតិ៍កម្រមានអ្នកធូតធាទិញណាស់ អ្នកទិញភាគច្រើនគឺជាកម្មកររោងចក្រ អ្នកលក់ដូរតាមផ្សារជាដើម លុះពេលដែលបិទរោងចក្រ បិទផ្សារ ពួកគាត់បាត់ចំណូល រហូតមានអ្នកខ្លះជំពាក់បំណុលគេថែមទៀត។ ដូច្នេះ ទម្រាំអាចពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ ខ្ញុំគិតថា យ៉ាងហោចណាស់៣ខែទៀតយ៉ាងតិច បើទោះជារាជរដ្ឋាភិបាលបើកចរាចរណ៍ក្រុងឡើងវិញក៏ដោយ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ឧកញ៉ាម៉ន សុខា បានមានប្រសាសន៍ថា ក្នុងដំណាក់កាលពេលនេះការព្យាករណ៍ ឬរំពឹងទុកទៅលើទីផ្សារដីឡូត៍ ឬទីផ្សារដទៃទៀតក្នុងវិស័យអចលនទ្រព្យ គឺស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ ខណៈដែលការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតែបន្តមានកំណើនឥតឈប់ឈរ។
លោកបន្តថា “ការប្រមើលមើលពីស្ថានភាពទីផ្សារអចលនទ្រព្យ ឬទីផ្សារដីឡូត៍ជារឿងមួយ ដែលអ្នកនៅក្នុងវិស័យនេះកំពុងយកចិត្តទុកដាក់ ប៉ុន្តែខ្ញុំគិតថា អ្វីដែលសំខាន់ក្នុងដំណាក់កាលនេះ គឺការរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដសិន” ។
ឧកញ៉ាម៉ន សុខាបានបន្តថា អ្វីត្រូវធ្វើបច្ចុប្បន្នគឺត្រូវសហការ និងអនុវត្តន៍មានការណែនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ ក៏ដូចជាក្រសួងសុខាភិបាលដែលបានដាក់ចេញ។
លោកបន្ថែមថា “នៅពេលដែលវិបត្តិត្រូវបានទប់ស្កាត់ ចរន្តសេដ្ឋកិច្ចចាប់ផ្តើមមានដំណើរការឡើងវិញ នោះទីផ្សារនៃវិស័យផ្សេងៗ ក៏អាចវិលមករកភាពល្អប្រសើរឡើងវិញដែរ” ៕ propertyarea