សហគមន៍អ្នកនិយមលុយឌីជីថល (Cryptocurrency) ក្នុងចំនួនដ៏ច្រើនលើបលុប បានបញ្ចេញលុយថ្មី មានឈ្មោះថា $StopElon ដើម្បីធ្វើការប្រឆាំង នឹងមហាសេដ្ឋី Elon Musk ដែលតែងតែក្រឡុកទីផ្សារ Crypto ធ្វើឱ្យតម្លៃរូបិយបណ្ណឌីជីថល ផ្លាស់ប្ដូរតម្លៃ សឹងតែក្រឡាប់ចាក់ ១៨០ ដឺក្រេ។

លុយឌីជីថលថ្មីនេះ ហាក់មានចេតនាឈប់គាំទ្រ និងចង់កាត់បន្ថយឥទ្ធិពលរបស់ ស្ថាបនិក/CEO ក្រុមហ៊ុន Tesla និង SpaceX ដែលតាំងពីដើមឆ្នាំ២០២១មកនេះ សឹងតែគ្រប់សារខ្លីៗ លើគណនី Twitter របស់ Elon Musk ធ្វើឱ្យជះឥទ្ធិពលខ្លាំង ទៅដល់តម្លៃ Bitcoin និង Dogecoin ដែលធ្វើឱ្យវាឡើងចុះដល់ថ្នាក់ បំបែកកំណត់ត្រា និងធ្លាក់ថ្លៃយ៉ាងលឿន ដែលមិនធ្លាប់មាន។

$StopElon ទើបតែបង្កើតកាលពីប៉ុន្មានសប្ដាហ៍ទៅនេះ នៅលើប្រព័ន្ធ blockchain Binance Smart Chain និងមានតម្លៃមូលធនទីផ្សារ ជិត ៣០លានដុល្លារ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ពីលុយឌីជីថលនេះ គឺវាធ្លាប់ឡើងថ្លៃដល់ទៅ ៤៨៧៤% ត្រឹមរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ដោយឡើងពីតម្លៃ ០,០ ០០០ ០១៩ ដុល្លារ ដល់ទៅ ០, ០០ ០០៩ ៤៥០ ដុល្លារ នេះបើយោងទៅតាម តារាងតម្លៃទីផ្សារ Poocoin។
ដែលនេះសបញ្ជាក់ឱ្យឃើញថា លុយឌីជីថលដែលផលិតមក ដើម្បីប្រឆាំងស្អប់នឹង Elon Musk គឺមានការគាំទ្រកាន់តែខ្លាំង ក៏ដូចជាបញ្ជាក់ថា ពួកគេមិនចូលចិត្ត មហាសេដ្ឋីរូបនេះ កាន់តែខ្លាំង ពិសេសអ្នកដែលខាតលុយជាច្រើន ដោយសារឥទ្ធិពលរបស់រូបគាត់៕ ប្រភព៖ សប្បាយ
