ភ្នំពេញៈ តំបន់ជុំវិញ ព្រលាន យន្តហោះថ្មី ស្ថិតក្នុងរង្វង់ប្រមាណ១០គីឡូម៉ែត្រ បាននិងកំពុងទាក់ទាញការ វិនិយោគលើផ្នែកដីធ្លី ជាមួយនឹងសកម្មភាព អភិវឌ្ឍន៍ គំរោងលំនៅដ្ឋាន ដីឡូត៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ។
ស្រុកកណ្តាលស្ទឹង ស្រុកស្អាង ក្រុងតាខ្មៅ នៃខេត្តកណ្តាល ស្រុកបាទី ក្នុងខេត្តតាកែវ ប្រជាជនក្នុងមូលដ្ឋានខាងលើ សុទ្ឋតែរីកមុខមាត់ សាងសង់ផ្ទះធំៗ ព្រោងព្រាត ដោយសារការកើនឡើងតម្លៃដីធ្លីរបស់ខ្លួន ហើយពួកគាត់បានលក់ យកមកសាងសង់ផ្ទះ និងពង្រីកមុខរបរ របស់ពួកគេ។
តាមរយៈការ ចុះសង្កេតផ្ទាល់ របស់ថ្នាក់ដឹកនាំគេហទំព័រ Propertyarea.asia កាលពីថ្ងៃទី៩ មិថុនាកន្លងមកនេះ បានសង្កេតឃើញថា ជីវភាពរបស់ ប្រជាពលរដ្ឋ នៅជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ប្រមាណ៩០ភាគរយ មានភាពល្អប្រសើរឡើង បើធៀប នឹងមុនពេលគំរោង ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថ្មី ប្រកាសសាងសង់ ដែលដីនៅតំបន់នោះ ជាដីស្រែ ជាដីបឹងមានតម្លៃត្រឹម៥០០០ ទៅ១០០០០ដុល្លារក្នុងមួយហិកតា ប៉ុន្តែបច្ចុប្បន្នតម្លៃដី បានកើនឡើង ដល់៣០ម៉ឺន ទៅ១លានដុល្លារ ក្នុងមួយហិកតា អាស្រ័យលើតំបន់ និងមូលដ្ឋានភូមិសាស្រ្តនិមួយៗ។
មន្រ្តីមូលដ្ឋាន បានបង្ហើបឲ្យដឹងថា បើទោះបីតម្លៃកើនឡើងខ្ពស់ក្តី ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅមូលដ្ឋាន ភាគច្រើន លែងមានដីនៅសល់ ច្រើនទៀតហើយ ព្រោះទាំងបឹង និងដីទំនេរនានានៅជុំវិញ ព្រលានយន្តហោះថ្មី សុទ្ឋតែជាដី របស់អ្នកមានអំណាច អ្នកមានឥទ្ឋិពលដូចជាអ្នកឧកញ៉ា លោកឧកញ៉ា និងឈ្មួញធំៗអស់ទៅហើយ។
លោកសន សៀប ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Key Real Estateបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ទោះបីមានបញ្ហា វិបត្តិកូវីដ១៩ក្តី ប៉ុន្តែសកម្ម ភាពនៃការទិញលក់ដីធ្លី សកម្មភាពនៃការអភិវឌ្ឍន៍ និងតម្លៃដីធ្លី នៅតាមតំបន់ក្រវ៉ាត់ ក្រុងទី៣ តំបន់ជុំវិញព្រលានយន្តហោះថ្មី បានកើនឡើងខ្ពស់ ទាំងសកម្មភាពទិញលក់ និងតម្លៃក៏បានកើនឡើងផងដែរ ។
លោកបន្តថា “តម្លៃដីនៅតែកើនឡើង ក្នុងឆ្នាំ២០២១នេះ ទោះបីជាមានវិបត្តិកូវីដ១៩ក្តី ប៉ុន្តែតំបន់ដែលតម្លៃដី កើនឡើងមានចំនួន តិចតួចប៉ុណ្ណោះ”។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា សកម្មភាពទិញលក់ដីធ្លីបានកើនខ្ពស់ឡើងវិញហើយ ប៉ុន្តែភាគច្រើនកើតមានតែ នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ភាគច្រើនជាងគេ៕