ព្រះសីហនុៈ នៅទីបំផុត ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុសម្រេចបានវឌ្ឈនភាព របស់ខ្លួនយ៉ាងប្រសើរ ដោយ ច្រកចេញ នៃស្ពានបម្លាស់ទិសទី១ នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ បានសម្រេចរួចរាល់ហើយ ដែលយានជំនិះអាចធ្វើដំណើរចេញ ឬចូលតាមផ្លូវល្បឿនលឿន។
ការបើកឲ្យធ្វើចរាចរបាននេះ ជាការជួយសម្រួល ក្នុងការដឹកជញ្ជួនឲ្យមានភាពងាយស្រួល និងឆាប់រហ័ស។ នេះបើយោងតាមទំព័រផ្លូវការ របស់ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ ។
យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ៥១,៣៥ភាគរយហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
ទោះបីជាប្រទេសកម្ពុជា កំពុងប្រឈម នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវ ល្បឿនលឿននេះ នៅតែបន្តដំណើរការដដែល មិនមានការ ប៉ះពាល់នោះទេ ដោយសារ តែក្រុមការងារ បុគ្គលិក កម្មករទាំងអស់ បានខិតខំប្រឹងប្រែងតស៊ូជំនះនូវស្ថានភាព ដ៏លំបាកនេះបាន ។
គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្ត កោះកុង ១,៩២ គីឡូម៉ែត្រ និង ខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ សរុបប្រមាណ ១៩០០លានដុល្លារ អាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕