សេដ្ឋកិច្ច​

គំរោងសាងសង់ ស្ពានអាកាស តម្លៃ​ ៤០០លានដុល្លារ របស់ក្រុមហ៊ុន OCIC ទំនងអាចយឺតជាង ការគ្រោងទុកដោយសារ

ភ្នំពេញៈ គំរោងសាងសង់ស្ពានអាកាសតភ្ជាប់ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់ផ្លូវ៦០ម៉ែត្រ អាចទំនងជាយឺតជាងការគ្រោងទុក ដោយសារវិបត្តិជំងឺកូវីដ១៩។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ ឲ្យដឹងកាលពីសប្តាហ៍មុនថា គំរោងនេះមិនទាន់សិក្សាចប់នៅឡើយទេ ប្រហែលជាប្រើពេលវេលាយូរបន្តិច។

លោកបន្តថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានធ្វើឲ្យសកម្មភាពការងារ របស់ក្រុមហ៊ុនធ្លាក់ចុះប្រមាណ ៥០ភាគរយ ព្រមជាមួយគ្នានេះការប្រកាសគំរោងដ៏ធំមួយ នៅលើទីក្រុងកោះនរា ក៏ត្រូវពន្យាពេលផងដែរ។

អ្នកឧកញ៉ាពុង ឃាវសែប្រធានក្រុមហ៊ុន OCIC ធ្លាប់បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនកំពុងសិក្សា គម្រោងផ្លូវល្បឿនលឿន ពីអាកាសយានដ្ឋានភ្នំពេញថ្មី នៅខេត្តកណ្តាល មកកាន់រាជធានីភ្នំពេញ ដោយដំណាក់កាលទី១ គឺគ្រោងនឹងចាប់ផ្ដើម សាងសង់នៅឆ្នាំ ២០២១ ខាងមុខនេះ។

អ្នកឧកញ៉ាបានបន្តថា “គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជាHighway ដូចផ្លូវទៅកំពង់សោមទេ តែសាងសង់ជាស្ពានអាកាស ផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន ២ដំណាក់កាល”។

លោកបន្តថា ដំណាក់ទី១ ប្រវែង១០គីឡូម៉ែត្រ សាងសង់តាមផ្លូវសម្ដេចហ៊ុន សែន និងផ្លូវ២៧១ ហើយចាប់ពីផ្ដុំស្ពានអាកាសក្បាលថ្នល់ រហូតទៅដល់ផ្លូវជាតិលេខ២។ ដោយឡែកដំណាក់កាលទី២ គឺមានប្រវែង ប្រមាណ១១គីឡូម៉ែត្រ ដោយសាងសង់ ចេញពីផ្លូវជាតិលេខ២ ទៅកាន់អាកាសយានដ្ឋានភ្នំពេញថ្មីផ្ទាល់តែម្ដង”។

គម្រោងនេះ នឹងត្រូវចំណាយទុន ប្រមាណ ៤០០លានដុល្លារអាមេរិក ដែលដំណាក់កាលទី១ អាចនឹងចាប់ផ្ដើមនៅឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់ ក្រោយព្រលានយន្តហោះ ពោលគឺក្រោយឆ្នាំ២០២៣ បន្ដិចបន្ដួច។

អ្នកឧកញ៉ាបានបន្តថា ផ្លូវលើអាកាសថ្មីនេះ នឹងជួយសម្រួលការធ្វើដំណើរ ពីក្នុងក្រុង ទៅព្រលានថ្មី បានយ៉ាងឆាប់រហ័ស និងងាយស្រួល ដោយអ្នកបើកបរ អាចបើកដល់ទៅល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

កាលពីថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន មានផែនការចង់សិក្សា លទ្ធភាពសាងសង់ផ្លូវរថភ្លើង តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះភ្នំពេញថ្មី នៅខេត្តកណ្តាលផងដែរ។

គម្រោងព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី ជាគម្រោងខ្នាតយក្ស ដែលមានតម្លៃជាង ១៥០០លានដុល្លារ ដោយស្ថាបនានៅលើផ្ទៃដី ២៦០០ហិកតា ដែលអាចទទួលអ្នកដំណើរ បាន១៥លាននាក់ នៅពេលបញ្ចប់ដំណាក់កាលទី១ និងអាចទទួលអ្នកដំណើរ បាន​៣០លាននាក់ នៅដំណាក់កាលទី២៕ ប្រភព៖ propertyarea.asia

Most Popular

To Top