ភ្នំពេញៈ ពន្ធអចលនទ្រព្យ គឺជាពន្ធដែលប្រមូលចំពោះអចលនទ្រព្យ ដែលមានតម្លៃលើសពី ១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និង ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារ។
ពន្ធនេះជាប្រភេទពន្ធផ្ទាល់ ដែលតម្រូវឱ្យអ្នកជាប់ពន្ធដែលជាកម្មសិទ្ធករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ ចុងក្រោយមកចុះបញ្ជីអចលនទ្រព្យ និងធ្វើការប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ។ ការប្រមូលពន្ធលើអចលនទ្រព្យនេះ សម្រាប់ជាផលប្រយោជន៍ថវិកាដ្ឋបាលថ្នាក់ក្រោមជាតិ។
កាតព្វកិច្ច
អ្នកជាប់ពន្ធអាចទាញយកពាក្យស្នើសុំ ចុះបញ្ជីអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យ ឬ អាចយកដោយផ្ទាល់ នៅតាមសាខាពន្ធដារខេត្ត/ខណ្ឌ ដោយឥតគិតថ្លៃ។ អចលនទ្រព្យដែលមានតម្លៃតិចជាង១០០លានរៀល ពុំមានកាតព្វកិច្ចចុះបញ្ជីទេ។
ឯកសារភ្ជាប់សម្រាប់មកចុះបញ្ជីអចលនទ្រព្យមានដូចជា៖
• អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬ លិខិតឆ្លងដែន
• សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ
• បណ្ណសម្គាល់កម្មសិទ្ធ ឬ សិទ្ធិកាន់កាប់អចលនវត្ថុ
• ក្នុងករណីអចលនទ្រព្យទិញបង់រំលស់ ម្ចាស់អចលនទ្រព្យត្រូវភ្ជាប់ជាមួយនូវឯកសារកិច្ចសន្យារវាងអ្នកទិញនិងអ្នកលក់។
បន្ទាប់ពីចុះបញ្ជីអចនទ្រព្យរួចរាល់ អ្នកជាប់ពន្ធត្រូវផ្តល់ពត៌មាន មករដ្ឋបាសារពើពន្ធ ប្រសិនបើមានការផ្លាស់ប្តូរដូចខាងក្រោម៖
• ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ
• ផ្ទះ អគារ ឬសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល
• អចលនទ្រព្យត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ។
• អចលនទ្រព្យត្រូវបំបែកលក់ ឱ្យជាអំណោយ៕