សេដ្ឋកិច្ច​

អ្នកជំនាញព្យាករណ៍ៈ ផ្នែកនៃខេត្តសំខាន់ៗ ចំនួន៥អាចនឹងកាត់ចូលរាជធានីភ្នំពេញ នៅត្រឹមឆ្នាំ២០៣៥

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានព្យាករណ៍ថា ផ្នែកសំខាន់ៗនៃខេត្តចំនួន៥ ព័ទ្ឋជុំវិញរាជធានីភ្នំពេញ នឹងអាចកាត់ចូល ក្នុងដែនរដ្ឋបាលទីក្រុងនេះនៅឆ្នាំ២០៣៥ខាងមុខនេះ។

លោកបន្តថា “ប្រសិនបើប្លង់គោលក្រុងពង្រីកខ្លួន ដល់ ១០០ គីឡូម៉ែត្រជុំវិញមែន ច្បាស់ណាស់ថា ទឹកដីខេត្តមួយចំនួននៅជាប់រាជធានភ្នំពេញ នឹងត្រូវកាត់ចូលដីរាជធានីកាន់តែធំជាងមុន ហើយតម្លៃដីធ្លីនៅតំបន់នោះនឹងឡើងថ្លៃជាស្វ័យប្រវត្តិ”។

លោកបន្តថា បើពង្រីកដល់កាំរង្វង់ដល់១០០គីឡូម៉ែត្រ ក្នុងឆ្នាំ២០៣៥ នោះផ្នែកខ្លះនៃខេត្តមួយចំនួន ដូចជា ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តតាកែវ ជាដើម នឹងប្រែក្លាយទៅជាភូមិសាស្ត្ររាជធានីភ្នំពេញតែមួយ។

លោកបន្តថា ការពង្រីកខ្លួនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលជាងមួយទសវត្សរ៍ខាងមុខទៀត ក៏នឹងរួមចំណែកយ៉ាងសកម្មធ្វើឱ្យប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់អចលនវត្ថុនៅតំបន់ទាំងនោះ នឹងទទួលបានផលជាវិជ្ជមាន ជាពិសេសគឺដីធ្លីពួកគាត់នឹងឡើងថ្លៃ ដោយស្វ័យប្រវត្តិ។ បើយោងទៅតាមកំណើនប្រជាជនក្នុងទីក្រុង កត្តាសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញសព្វថ្ងៃ។

ជាមួយគ្នានេះ លោក បណ្ឌិត គឹម ហ៊ាង ប្រធាន KW Cambodia បានបង្ហាញទស្សនៈផ្ទាល់ខ្លូនផងដែរថា “តាមខ្ញុំដឹងកាលពី៥ឆ្នាំមុន គម្រោងពង្រីករាជធានីភ្នំពេញកំណត់ត្រឹម៩០គីឡូក្រឡាជុំវិញទេ ឥឡូវអនុក្រឹត្យថ្មីភូមិសាស្ត្រទីក្រុង នឹងពង្រីកដល់១០០គីឡូម៉ែត្រជាទម្រង់កាំរង្វង់ជុំវិញ ក្នុងឆ្នាំ២០៣៥ ប៉ុន្តែតាមការសង្កេតជាក់ស្ដែងរបស់ខ្ញុំ ការពង្រីករាជធានីកន្លងមក គិតទាំងកំណើនប្រជាជន និងការអភិវឌ្ឍ ដូចជាដើរលឿន តែមិនលឿនដូចដែលរំពឹងទុកនោះទេ”។

ទោះជាយ៉ាងនេះក្ដី អ្នកជំនាញចាស់វស្សាក្នុងវិស័យអចលនទ្រព្យនៅកម្ពុជារូបនេះ ភ្ជាប់ជាសំនួរមួយថា តើរដ្ឋាភិបាលពង្រីកវិសាលភាពក្រុងភ្នំពេញ ឱ្យកាន់តែធំឡើងៗ ដើម្បីគោលដៅអ្វីខ្លះ? ។

លោកបណ្ឌិត គឹម ហ៊ាង បានមានប្រសាសន៍ថា “ការពង្រីកក្រុង និងអភិវឌ្ឍន៍តំបន់ជាយក្រុង គួរតែត្រូវបានយកចិត្តទុកដាក់ច្រើនជាង ការពង្រីកតែវិសាលភាពក្រុង ដែលជាហេតុធ្វើឱ្យកំណើនប្រជាជន សម្រុកចូលមករស់នៅប្រមូលផ្ដុំកាន់តែច្រើនឡើងៗ”។ លោកបន្ថែមថា បើនៅប្រទេសជឿនលឿនមួយចំនួន យើងឃើញថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់គេ គេរៀបចំនៅតាមតំបន់ប្រជុំជនដែលមានស្រាប់”។

យោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា រាជធានីភ្នំពេញនឹងបន្តពង្រីកវិសាលភាពរបស់ខ្លួន ហើយក្លាយជាទីក្រុងនៃប៉ូលសេវាកម្មកណ្ដាលសម្រា​ប់ប្រជាជនចំនួន៦លាននាក់នៅពេលខាងមុខ ហើយទីក្រុងភ្នំពេញ ក៏នឹងពង្រីកខ្លួនក្នុងកាំរង្វង់ចម្ងាយ១០០គីឡូម៉ែត្រជុំវិញ៕ប្រភព៖http://propertyarea

Most Popular

To Top