ភ្នំពេញៈ មហាយក្សចិន បានឈរនៅលំដាប់លេខរៀងទី១ ដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២១ ខណៈសហរដ្ឋអាមេរិក បានក្លាយជាគោលដៅនាំចេញដ៏ធំ សម្រាប់ផលិតផលកម្ពុជាក្នុងរយៈពេល៦ ខែដំបូង ឆ្នាំនេះ។

យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រយៈពេល៦ខែ គិតចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំ២០២១នេះ ចិនបានវិនិយោគនៅក្នុងប្រទេសកម្ពុជាមានទឹកប្រាក់សរុបប្រមាណ២ពាន់លានដុល្លារអាមេរិក ស្មើនឹង៦៩%នការវិនិយោគសរុបរបស់កម្ពុជា។
របាយការណ៍របស់ CDC បញ្ជាក់ថា ប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ៦៩% នៃការវិនិយោគសរុបក្នុងឆមាសទី១ ឆ្នាំ២០២១។
ទីផ្សារសហរដ្ឋអាមេរិក បានក្លាយជាគោលដៅនាំចេញដ៏ធំ សម្រាប់ផលិតផលកម្ពុជាក្នុងរយៈពេល៦ ខែដំបូង ឆ្នាំ២០២១ ដោយសារប្រទេសទាំងពីរបានបញ្ជាក់ពីការប្តេ ជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម។

យោងតាមតួលេខពីក្រសួងពាណិជ្ជកម្មសម្រាប់ឆមាសទី១ ឆ្នាំនេះបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកសម្រេចបាន ទំហំទឹកប្រាក់ជាង៣,១៩ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១ កើនឡើង៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក ស្មើនឹងប្រមាណ៣៦ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា គិតពីខែមករា ដល់ខែមិថុនា។

កម្ពុជាបាននាំចេញនូវផលិតផល មានតម្លៃជាង៣,០១ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក។ ចំនួននេះតំណាងឱ្យការកើនឡើង៣៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជាបាននាំចូលទំនិញពីអាមេរិក គិតជាទឹកប្រាក់តម្លៃ១៧៣លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កើនឡើង៤១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ប្រភព៖http://propertyarea
