សេដ្ឋកិច្ច​

រដ្ឋាភិបាលចាប់ផ្តើមផ្តល់ សេវាកម្មគ្រឿងចក្រ ជួលឲ្យកសិករ ដើម្បីធ្វើប្រព័ន្ឋ ទំនើបកម្មកសិកម្ម

ភ្នំពេញៈ រដ្ឋាភិបាល ដែលមានក្រសួងកសិកម្មជាសេនាធិការ បានផ្តល់សេវាកម្មគ្រឿងចក្រជូនកសិករ ដើម្បីចូលរួមធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម ដោយចាកចេញពីការប្រើគោ ក្របីជាប្រពៃណី មកប្រើគ្រឿងចក្រជំនួសវិញ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ពីតម្លៃសេវាកម្មយ៉ាងជាក់លាក់ ដើម្បីងាយស្រួលដល់កសិករ សហការ។

តម្លៃសេវាកម្ម ដែលក្រសួងកសិកម្ម បានផ្ដល់ជូន និងសហការជាមួយកសិករនាពេលកន្លងមក រួមមាន ទី១- ការកៀរពង្រាបដីចម្ការ ១៤០ ០០០៛/ហត ដីស្រែ ៦០០ ០០០៛/ហត ទី២- ការដាំដំណាំគម្របដីមុនដាំពោតនិងស្រូវ ១២០ ០០០៛/ហត ទី៣- ការដាំស្រូវ ពោត សណ្តែកដោយម៉ាស៊ីនដាំគ្រាប់ស្ងួតលើដីមិនភ្ជួររាស់១៤០ ០០០៛/ហត ទី៤- ការដាំដំឡូងមីដោយម៉ាស៊ីនលើដីមិនភ្ជួររាស់ ៣៥០ ០០០៛/ហត ទី៥- ការដាំពោត និងស្រូវលើគម្របដីស្រស់ ១៤០ ០០០៛/ហត ទី៦- ការដាំដំណាំចំណីសត្វ ១៤០ ០០០៛/ហត និងទី៧- ការដាំដំណាំគម្របដីក្នុងចន្លោះឈើហូបផ្លែ ១៤០ ០០០៛/ហត។

គិតមកទល់ពេលនេះ សរុបផ្ទៃដីអនុវត្តន៍សម្រេចបានចំនួន១,៦៨៦ហត និងមាន ៦៦០ គ្រួសារទទួលបានសេវាកម្មនេះ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ លោកវេង សាខុន បានបញ្ជាក់ថា ក្នុងឆមាសទី២ ក្រុមការងារគម្រោងរបស់ក្រសួង ដាក់គោលដៅនឹងបន្តសម្របសម្រួលលើការផ្តល់សេវាកម្មគ្រឿងយន្ត និងគ្រាប់ពូជដំណាំគម្របដីឱ្យបានទាន់ពេលវេលា ជាពិសេសផ្តល់ការប្រឹក្សាយោបល់ បច្ចេកទេសលើការថែទាំដំណាំ ចែករំលែកចំណេះដឹងតាមរយៈបណ្តាញសង្គម ទៅដល់តួអង្គនៃបណ្តាញកសិកម្មអភរិក្ស រៀបចំវគ្គបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីបច្ចេកទេសតាមប្រព័ន្ធអនឡាញ និងវាយតម្លៃប្រសិទ្ធភាពនៃប្រព័ន្ធដាំដុះរបស់បណ្តាញកសិករក្នុងឆ្នាំ២០២១។

បាត់ដំបងគឺជាខេត្តគោលដៅ ដោយផ្តោតលើផលិតកម្មដំណាំចម្ការ ប្រចាំរដូវ (ពោត ដំឡូងមី សណ្តែក) ឈើហូបផ្លែ និងការចិញ្ចឹមសត្វនៅតំបន់ខ្ពង់រាបក្នុងស្រុករតនៈមណ្ឌល និងផលិតកម្មស្រូវទំនាបរំពឹងទឹកភ្លៀងក្នុងស្រុកបាណន់។ គម្រោងត្រូវបានអនុវត្តនៅទីតាំងគោលសរុបចំនួន១៨ភូមិ ក្នុងស្រុករតនៈមណ្ឌល សំឡូត និងស្រុកបាណន់ ខេត្តបាត់ដំបង។

បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងអនុវត្តន៍លើគម្រោងស្តីពី “ការផ្តល់សេវាបច្ចេកទេសកសិកម្ម អភិរក្សដោយមានការបង់ថ្លៃសេវាកម្ម (CASF)”។ គម្រោងនេះ ត្រូវបានផ្តួចផ្តើមអនុវត្តន៍ ក្នុងគោលដៅឱ្យផ្នែកឯកជន បំពេញតួនាទីរបស់ខ្លួន ក្នុងដំណើរវិវឌ្ឍនាការកសិកម្ម អភិរក្សតាមគោលការណ៍កសិអេកូឡូស៊ី៕ប្រភព៖http://propertyarea.asia

Most Popular

To Top