សេដ្ឋកិច្ច​

រដ្ឋាភិបាល នៅតែរក្សា បានទុនបំរ៉ុងអន្តរជាតិ យ៉ាងរ៉ឹងមាំ ជាមួយទំហំទឹកប្រាក់ ២០,៨ពាន់លានដុល្លារ

ភ្នំពេញៈ រដ្ឋាភិបាល​ នៅតែមានគោលជំហរ ច្បាស់លាស់ ជាក់លាក់ និងប្រាកដប្រជា ដោយទោះជាស្ថិត ក្នុងវិបត្តិកូវីដ១៩ក្តី ប៉ុន្តែកម្ពុជានៅរក្សាទុន បំរ៉ុងអន្តរជាតិ ២០,៨ពាន់លានដុល្លារ អាមេរិកក្នុងឆ្នាំនេះ ។

យោងតាមរបាយការណ៍សន្និបាត​ បូកសរុបការងារឆមាសទី១ ​ឆ្នាំ ២០២១ ​កាលពីថ្ងៃទី២២​ ខែកក្កដា​ ២០២១ ធនាគារជាតិ​កម្ពុជា ​បានបញ្ជាក់ថា​ នៅឆមាសទី១​ឆ្នាំ២០២១ នេះ សេដ្ឋកិច្ច​កម្ពុជា​ បន្តទទួលរង​ឥទ្ធិពល ​​ពីការរាលដាល ​​នៃជំងឺ​កូវីដ-១៩​ ទាំងក្នុងស្រុក​និងតំបន់​ ដែលធ្វើឲ្យប៉ះពាល់​ដល់វិស័យ​ចម្បងៗ​​ដូចជា ​វិស័យ​ទេសចរណ៍​ កម្មន្តសាល ​និង វិស័យសំណង់​ តែកសិកម្ម ​បន្តមាន​វឌ្ឍនភាពល្អ។

របាយការណ៍ដដែលបានឲ្យដឹងថា ទោះបីយ៉ាងណាទុនបំរុងអន្តរជាតិ របស់កម្ពុជា គឺបន្តស្ថិតក្នុងកម្រិតខ្ពស់ ដែលធានាការនាំចូលទំនិញ និងសេវាសម្រាប់ គ្រាបន្ទាន់​បានប្រមាណជាង១០ខែ ព្រមទាំងបានពង្រឹងជំនឿទុកចិត្ត របស់សាធារណជន មកលើប្រាក់រៀលផងដែរ ។

ធនាគារជាតិកម្ពុជាបានឲ្យដឹងថា អត្រាប្តូរប្រាក់ នៅក្នុងប្រទេសកម្ពុជា បន្តមានស្ថិរភាពក្នុងរង្វង់ ៤,០៨៥ រៀលក្នុង១ ដុល្លារអាមេរិក និងបានរួមចំណែកយ៉ាងសំខាន់ ដល់ការរក្សាអតិផរណាឲ្យមានកំរិតទាប ដែលអាចគ្រប់គ្រងបានគឺ ២,៥%។

ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញ គឺនៅបន្តមានភាពធន់ និងបានផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធានាគារ បានកើនឡើង ១៨% ,ឥណទានអតិថិជនមានកំណើន​២៣,៤% និងប្រាក់បញ្ញើ អតិថិជនកើន ២០,៧% ។ ជាមួយគ្នានេះ ស្ថានភាពដើមទុនក៏មានភាព​រឹងមាំ ដោយ​អនុបាតសោធនភាព មានកម្រិតខ្ពស់១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង១៧២,៦% សម្រាប់គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ។

ដោយឡែកអនុបាតឥណទាន មិនដំណើរការមានកម្រិតទាបគឺ២,៤% សម្រាប់វិស័យធនាគារ និង២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេល ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ​ដែលរងផល ប៉ះពាល់ ដោយកូវីដ-១៩ ដោយមានការរៀបចំ ឥណទានឡើងវិញ ចំនួន ៣៦៧ ២៣៩ គណនី ស្មើនឹង៥,៥ពាន់ លានដុល្លារ ។

Most Popular

To Top