សេដ្ឋកិច្ច​

វិភាគៈ តើកិច្ចសហប្រតិបត្តិការ របស់មហាយក្សចិន ជាមួយបណ្ដា ប្រទេសទន្លេមេគង្គ អាចស្ដារការបាត់បង់ទំនុកចិត្ត យ៉ាងដូចម្ដេច?

អន្តរជាតិៈ ខ្សែទឹកទន្លេមេគង្គដ៏វែងអន្លាយ ខ្សែទឹកដ៏វែងនេះមានរឿងរ៉ាវជាច្រើនរាប់មិនអស់ ហើយទំនាក់ទំនងរវាងបបណ្តាប្រទេសនៅតាមបណ្តោយទន្លេនេះ ជួនល្អក់ ជួនថ្លា អាស្រ័យលើរបត់នយោបាយ និងទំនាក់ទំនងអន្តរជាតិ។

ដោយត្រូវបានស្នើឡើងលើកដំបូង នៅឯកិច្ចប្រជុំកំពូលអាស៊ាន-ចិន (Asean-China Summit) លើកទី១៧ ក្នុងឆ្នាំ២០១៤ ដោយនាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាង (Li Keqiang) យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong Cooperation (LMC)) មានគោលបំណងលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កិច្ចប្រឹងប្រែងការពារបរិស្ថាន និងការគ្រប់គ្រងទឹកទន្លេឆ្លងកាត់ព្រំដែន រវាងបណ្ដាប្រទេ​ស ដែលស្ថិតនៅតាមបណ្តោយដងទន្លេ រួមមាន ប្រទេសចិន ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ ប្រទេសថៃ ប្រទេសកម្ពុជា និងវៀតណាម។

ក្រុមអ្នកជំនាញមើលឃើញថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ប្រជែងនឹងគណៈកម្មការទន្លេមេគង្គ Mekong River Commission (MRC)) ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៥ និងដែលគាំទ្រដោយសហរដ្ឋអាមេរិក។ គណៈកម្មការនេះមិនបានរាប់បញ្ចូលប្រទេសមីយ៉ាន់ម៉ា និងប្រទេសចិន ឡើយ។
ចំណែកឯកិច្ចសហប្រតិបត្តិការមេគង្គ-ឡាន (MLC) បានរាប់បញ្ចូលប្រទេសទាំងអស់ដែលស្ថិតនៅតាមដងទន្លេមេគង្គ។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ពឹងផ្អែកខ្លាំងលើហិរញ្ញប្បទានបានពី “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) របស់មហាយក្សចិន ដើម្បីជំរុញរបៀបវារៈអភិវឌ្ឍន៍របស់ខ្លួន តាមរយៈគម្រោងនានា ដែលអ្នកសង្កេតការណ៍មួយចំនួនចាត់ទុកថាជាផ្នែកមួយ នៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីរៀបចំឡើងវិញនូវតុល្យភាពអំណាចក្នុងអនុតំបន់ទន្លេមេគង្គ។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) បានប្រឈមនឹងព្យុះភ្លៀងដ៏ធំមួយ ក្រោយពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ នៅក្នុងខែមិថុនា ឆ្នាំ២០១៩ និងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់ ដែលបង្កឡើងដោយទំនប់វារីអគ្គិសនី នៅខ្សែទឹកខាងលើនៃដងទន្លេមេគង្គ។

ជាការឆ្លើយតប រដ្ឋាភិបាលក្រុងប៉េកាំង បានប្តេជ្ញាពន្លឿនកិច្ចសហការស្រាវជ្រាវរួមគ្នាមួយ ជាមួយគណៈកម្មការទន្លេមេគង្គ (MRC) និងចែករំលែកទិន្នន័យអំពីទំនប់វារីអគ្គិសនីពេញៗមួយឆ្នាំ តាមរយៈវេទិកាចែករំលែកព័ត៌មានស្តីពី កិច្ចសហប្រតិបតិ្តការផ្នែកធនធានទឹកមេគង្គ-ឡានឆាង (Lancang-Mekong Water Resources Cooperation Information Sharing Platform (LMWRC))។

កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងទឹកទន្លេ ឆ្លងកាត់ព្រំដែនរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) បានរងផលប៉ះពាល់ជាអវិជ្ជមាន ដោយវិបត្តិឆ្លងរាលដាលវីរុសកូវីដ-១៩។ ទោះជាយ៉ាងណា MLC បានផ្តោតអាទិភាពនានារបស់ខ្លួនឡើងវិញ លើការទទួលបានហិរញ្ញប្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍នានា និងបំពេញបានតាមតម្រូវការគ្រឿងបរិក្ខារវេជ្ជសាស្ត្រ ដែលកំពុងកើនឡើងនៅក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ។

*ការផ្លាស់ប្ដូរឥរិយាបថ
ឥរិយាបថចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) បានផ្លាស់ប្តូរយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនសិក្សាស្រាវជ្រាវ Eyes on Earth ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍សិក្សាមួយ កាលពីខែមេសា ឆ្នាំ២០២០ ដែលបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីទំនាក់ទំនងរវាងទំនប់វារីអគ្គិសនីចិន នៅខ្សែទឹកខាងលើ និងការប្រែប្រួលនូវរំហូរទឹកជាអវិជ្ជមាន ហើយនេះជាភ័ស្តុតាងដ៏រឹងមាំដែលសារព័ន្ធអន្តរជាតិធំៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

នៅប៉ុន្មានខែក្រោយពីការចេញផ្សាយ របាយការណ៍សិក្សាខាងលើ មហាយក្សចិន បានសន្យាថា នឹងបំពេញឱ្យបានតាមការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងការចែករំលែកទិន្នន័​យស្តីពីទំនប់វារីអគ្គិសនីពេញៗមួយឆ្នាំ ហើយបានចាប់ផ្តើមដំណើរការ វេទិកាចែកចាយព័ត៌មានរបស់ខ្លួន។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់សញ្ញាបង្ហាញពីការផ្តោតយកចិត្តទុកដាក់កាន់តែខ្លាំង លើការគាំទ្រដល់ការអភិវឌ្ឍន៍អាងទន្ល ប្រកបដោយនិរន្តរភាពជាមួយនឹងការចាប់ផ្តើម “ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក (Mekong-US Partnership) និងក្រុមឃ្លាំមើលទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ (Mekong Dam Monitor (MDM)) ដែលទទួលបន្ទុកឃ្លាំមើលការប្រែប្រួលរំហូរទឹកទន្លេមេគង្គ។

ក្រុមឃ្លាំមើលទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ (MDM) បានរកឃើញការប្រែប្រួល នូវកម្រិតទឹកទន្លេមួយចំនួននៅដើមឆ្នាំ២០២១ ដែលវេទិកាចែករំលែកព័ត៌មានរបស់ប្រទេសចិន មិនអាចផ្ដល់ការបកស្រាយសមស្របបាន ជាហេតុដែលធ្វើឱ្យមជ្ឈដ្ឋាននានាបាត់បង់ទំនុកចិត្តលើកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC)។

*ដំណោះស្រាយដើម្បីបញ្ចប់មន្ទិលសង្ស័យ
មានវិធីមួយចំនួន ដែលអាចយកទៅពិចារណាបាន ដើម្បីបង្កើនការជឿទុកចិត្តលើកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ដូចជា ទី១ ជំនួសឱ្យការទម្លាក់ទំនួលខុសត្រូវទាំងអស់ សម្រាប់ការអភិវឌ្ឍទន្លេ ប្រកបដោយនិរន្តរភាព ទៅលើរដ្ឋាភិបាលចិន និងពឹងផ្អែកលើហិរញ្ញប្បទានពី “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) បណ្ដាប្រទេសជាប់ដងទន្លេមេគង្គ ផ្សេងៗទៀតគួរតែសកម្មជាងមុន ក្នុងការស្នើសុំឱ្យកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ធ្វើកំណែទម្រង់ និងធ្វើពិពិធកម្មប្រភពហិរញ្ញវត្ថុ សម្រាប់សកម្មភាពនានា របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC)។

ទី២ វេទិកាចែករំលែកព័ត៌មានស្តីពី កិច្ចសហប្រតិបតិ្តការផ្នែកធនធានទឹកមេគង្គ-ឡានឆាង (LMWRC) និងក្រុមឃ្លាំមើលទំនប់វារីអគ្គិសនី តាមដងទន្លេមេគង្គ (MDM) គួរតែស្វែងរកមូលដ្ឋានរួមមួយ ដើម្បីឆ្ពោះទៅរកភាពស៊ីសង្វាក់គ្នាកាន់តែប្រសើរ។

ទី៣ ការបកស្រាយមិនត្រឹមត្រូវ ទៅលើរបាយការណ៍សិក្សាស្រាវជ្រាវ អំពីទំនប់វារីអគ្គិសនីដែលអាចធ្វើឱ្យបាត់បង់ទំនុកចិត្ត ត្រូវតែមានការដោះស្រាយឱ្យបានល្អ។

*ការទទួលបានទំនុកចិត្តឡើងវិញ
ដើម្បីទទួលបានការជឿទុកចិត្តឡើងវិញ លើកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង (MLC) គឺមិនត្រូវយកបញ្ហាទឹក មកធ្វើជាបញ្ហានយោបាយឡើយ ហើយភាគីពាក់ព័ន្ធនានា គួរតែអនុវត្តតាមនីតិវិធីសិក្សាស្រាវជ្រាវស្តង់ដារ និងសង្កេតមើលវត្ថុបំណងនៃវិទ្យាសាស្ត្រ។

ដូចនេះ ការស៊ើបអង្កេតរួមគ្នា និងវិធានការនានា ដែលមានការសម្របសម្រួលបន្ថែមទៀត ក្នុងចំណោមស្ថាប័នពាក់ព័ន្ធ ពិតជាចាំបាច់ណាស់ ដើម្បីជម្នះវិបត្តិទឹកដែលកំពុងកើតមាន ហើយកសាងជំនឿទុកចិត្តលើគ្នាទៅវិញទៅមក ក្នុងចំណោមបណ្ដាប្រទេសតាមដងទន្លេមេគង្គ៕ ប្រភព៖http://propertyarea

Most Popular

To Top