សេដ្ឋកិច្ច​

រដ្ឋាភិបាលបង្ហាញ ផែនការចំណាយថវិកាជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២២ហើយ

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញសេចក្តីព្រាងផែនការប្រើប្រាស់ ថវិកាជាតិ សំរាប់ឆ្នាំ២០២២រួចហើយ ដោយក្នុងនោះថវិកាជិត១០០០លានដុល្លារ សំរាប់បន្ត​ប្រយុទ្ឋនឹងជំងឺកូវីដ១៩។

យោងតាមរបាយការណ៍ស្តីពី ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា សម្រាប់ឆ្នាំក្រោយនេះ ថវិកាចំណាយនៅថ្នាក់ជាតិ គ្រោងចំនួន២៧,២០ភាគរយ និងថវិកាចំណាយនៅថ្នាក់ក្រោមជាតិ គ្រោងចំណាយចំនួន២,៩១ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។

របាយការណ៍ដដែលបានបន្តថា សម្រាប់វិស័យសង្គមកិច្ច នឹងត្រូវបង្កើន៧,០៤ភាគរយ នៃផ.ស.ស និងវិស័យសេដ្ឋកិច្ចបង្កើនចំនួន៨,៥៩ នៃផ.ស.ស ដែលជាអត្រាមួយខ្ពស់ជាងគេ ក្នុងចំណោមវិស័យផ្សេងៗទៀត ដើម្បីគាំទ្រដល់សកម្មភាពលើកកម្ពស់សុខភាពសាធារណៈ និងឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងជំរុញ និងលើកស្ទុយដល់ផលិតភាព នៃផ្នែកដែលជាមុខព្រួញសេដ្ឋកិច្ចមានដូចជា ឧស្សាហកម្មកែច្នៃកសិកម្ម ទេសចរណ៍ការដឹកជញ្ជូនជាដើម។

លោកបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែង ក្នុងសិក្ខាសាលាស្តីពី ការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ កាលពីថ្ងៃទី១៧ ខែសីហាកន្លងមកថា សម្រាប់ឆ្នាំក្រោយនេះ រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា ទប់ទល់នឹងការរីករាលដាលជំ​ងឺកូវីដ-១៩ ប្រមាណជិត១ពាន់លានដុល្លារ ខណៈក្នុងឆ្នាំ២០២១នេះទំហំចំណា​យអាចឈានដល់១ពាន់៤រយលានដុល្លារ ក្រោយពីផ្ទះព្រឹត្តិការណ៍២០កុម្ភៈ បន្ទាប់ពីកាលដើមគ្រា រដ្ឋាភិបាលប្រមានតែ៧១៩លានដុល្លារប៉ុណ្ណោះ៕

Most Popular

To Top