សេដ្ឋកិច្ច​

មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល មានភាពខុសគ្នាដូចម្តេច?

ភ្នំពេញៈ ចំណេះដឹងផ្សារមូលបត្រកម្ពុជា កាន់តែរីកសាយ ដែលបង្កើនការយល់ដឹង ​ដល់មនុស្សកាន់តែច្រើន តែមនុស្សមួយចំនួនក៏នៅមានភាព ស្រពេញស្រពិលផងដែរ។

តើអ្វីជា? មូលបត្រ គឺជាកិច្ចសន្យាហិរញ្ញវត្ថុ ដែលអាចជួញដូរបាន ។ កិច្ចសន្យានេះបញ្ជាក់ពីកម្មសិទ្ធិបំណុល ឬសិទ្ធិ/កាតព្វកិច្ចក្នុងការទិញ/លក់ ជាដើម។ ក្នុងនោះមូលបត្រចែកចេញជាពីរ គឺមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។

ទី១ មូលបត្រកម្មសិទ្ធិ
មូលបត្រកម្មសិទ្ឋ សំដៅដល់ផលិតផល​ ទ្រព្យកម្មសិទ្ធិ គឺជា​មូលបត្រ​ដែល​បាន​បោះផ្សាយ ​ដោយ​ក្រុមហ៊ុនសាធារណៈ ដើម្បី​គៀងគរ​មូលនិធិ​ពីសាធារណៈជន។ វា​រួមបញ្ចូល​ទាំង​ភាគហ៊ុន​របស់​ក្រុមហ៊ុន ដែល​តំណាង​ឲ្យ​ភាព​ជា​ម្ចាស់ ​របស់​វិនិយោគិន ​នៅក្នុង​ក្រុមហ៊ុន​នោះ។ ភាព​ជាម្ចាស់​នៃ​ទ្រព្យកម្មសិទ្ធិ នឹង​ផ្តល់​សិទ្ធិ​ដល់​ភាគហ៊ុនិក​នូវ​ចំណែក​នៃ​ប្រាក់ចំណេញ​ របស់​ក្រុមហ៊ុន​តាមរយៈ​ភាគលាភ។

ភាគហ៊ុនិក​គឺជា​ម្ចាស់​នៃ​អាជីវកម្ម ព្រមទាំង​ចូលរួម​ទទួលនូវ​ ការ​ចែករំលែក​ភាព​ជោគជ័យ ឬ​បរាជ័យ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន។ លទ្ធផល​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុនចុះបញ្ជីជា​ធម្មតា ​អាច​វាយ​តម្លៃ​បាន តាមរយៈ​ភាគលាភ​ ដែល​ភាគហ៊ុនិក ​បាន​ទទួល និង​តាមរយៈ​ថ្លៃភាគហ៊ុន​ ដែល​បាន​ដាក់​ថ្លៃ​នៅលើ​ទីផ្សារ ។ មានមូលបត្រកម្មសិទ្ធិ​2ប្រភេទ ដែល​អាច​ដាក់​ជួញដូរនៅលើ​ផ្សារ មូលបត្រកម្ពុជា (ផ.ម.ក.)។

ភាគហ៊ុនធម្មតាៈ គឺជា​ភាគហ៊ុន ​ដែលមាន​ការលើកទឹកចិត្ត ​ដោយ​ផ្ទាល់​ដល់​អ្នកកាន់កាប់​ភាគហ៊ុន ​តាមរយៈភាគលាភ ​ដែលទទួលបាន​ពីប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន ការចំណេញ​លើមូលធន និង​សិទ្ធិ​ក្នុងការ​ទិញភាគហ៊ុន​ថ្មី​ របស់​ក្រុមហ៊ុននៅពេល​ដែល​ក្រុមហ៊ុន​សម្រេច​ ក្នុងការ​បង្កើនដើមទុនចុះបញ្ជី​របស់ខ្លួន។

ភាគហ៊ុនបុរិមា
ភាគហ៊ុនបុរិមា​ ក៏ជា​ផ្នែកមួយ​នៃ​ទ្រព្យកម្មសិទ្ធិ​ផងដែរ ។ ភាពខុសគ្នា​រវាង​ភាគហ៊ុនបុរិមា និង​ភាគហ៊ុនធម្មតា​គឺ អ្នកកាន់កាប់​ភាគហ៊ុនបុរិមា នឹង​មាន​សិទ្ធិ​ទទួលបាន​មូលនិធិ ឬ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ មុន​ភាគហ៊ុនធម្មតា។

ទី២ មូលបត្របំណុល
មូលបត្របំណុល ជាប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រួមមានសាជីវកម្ម​​​ សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។ តាមរយៈកិច្ចសន្យានេះ បុគ្គលបោះ​ផ្សាយ​មូលបត្របំណុល មានកាតព្វកិច្ចបង់ឱ្យវិនិយោគិន នូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើម នៅពេលដែលសញ្ញាបណ្ណនោះ ដល់កាលកំណត់សងដែលហៅថា “ឥណប្រទិទាន”។

ជំនួសឱ្យការខ្ចីប្រាក់ពីធនាគារ ក្រុមហ៊ុន ឬអង្គភាពមួយអាចបោះផ្សាយ សញ្ញាបណ្ណទៅឲ្យវិនិយោគិនដោយផ្ទាល់ នៅពេលដែលក្រុមហ៊ុន នោះត្រូវការសាច់ប្រាក់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងថ្មីៗ បន្តប្រតិបត្ដិការក្រុមហ៊ុន ឬដើម្បីទូទាត់បំណុល។

លក្ខណៈខុសគ្នាចម្បងមួយរវាងភាគហ៊ុន និងសញ្ញាបណ្ណ គឺថាសញ្ញាបណ្ណតំណាងឱ្យភាពជាម្ចាស់បំណុល រីឯភាគហ៊ុនតំណាងឱ្យភាពជាម្ចាស់កម្មសិទ្ធិ នៃក្រុមហ៊ុនមួយ។ ថ្លៃភាគហ៊ុនអាចកើនឡើងយ៉ាងឆាប់រហ័ស ប្រសិនបើក្រុមហ៊ុននោះមានការរីកចម្រើន និងមានប្រាក់ចំណេញច្រើន។

ផ្ទុយទៅវិញ សញ្ញាបណ្ណធ្វើការទូទាត់តែការប្រាក់ ដែលបានកំណត់ជាមុន ហើយថ្លៃរបស់វាប្រែប្រួល នៅក្នុងដែនដែលកំណត់ ដោយអត្រាការប្រាក់ ពោលគឺមិនមែនកំណត់ដោយប្រាក់ ចំណេញរបស់ក្រុមហ៊ុននោះឡើយ៕

Most Popular

To Top