ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB) បានកែតម្រូវការព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅឆ្នាំ២០២១ មកនៅត្រឹម៣,៨ ភាគរយពីការប៉ាន់ស្មានពីមុនចំនួន៥,៨ភាគរយនៅក្នុងខែកក្កដា ។
កំណើនសេដ្ឋកិច្ចរបស់វៀតណាម បានកើនឡើងនៅឆមាសទី១នៃឆ្នាំ២០២១ ដោយសារតែទំហំពាណិជ្ជកម្មខ្ពស់ ប៉ុន្តែការផ្ទុះឡើងវិញនៃជំងឺរាតត្បាតកូវីដ-១៩ ដែលបានចាប់ផ្តើមនៅចុងខែមេសា បានរឹតបន្តឹងទីផ្សារការងាររបស់ប្រទេសនេះ ដោយកាត់បន្ថយទិន្នផលឧស្សាហកម្ម និងបង្អាក់ខ្សែសង្វាក់តម្លៃកសិផលរបស់ខ្លួន។ ធនាគារនេះបានឲ្យដឹងនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃពុធនេះ ។
យោងតាមរបាយការណ៍ ចក្ខុវិស័យរយៈពេលខ្លីនៅតែជាបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចរបស់វៀតណាម ដោយរលកកូវីដ -១៩ អូសបន្លាយ គឺជាកត្តាអវិជ្ជមានចម្បង ជាពិសេស ប្រសិនបើអត្រានៃការចាក់វ៉ាក់សាំងរបស់ប្រទេសនេមិនកើនឡើងគួរឱ្យកត់សម្គាល់ទេនោះ ។
GDP របស់វៀតណាម បានកើនឡើង២,៩១ភាគរយនៅឆ្នាំ២០២០ ដែលជាអត្រាកំណើនទាបបំផុតដែលបានកត់ត្រាក្នុង រយៈពេល១ទសវត្សរ៍ចុងក្រោយនេះ ។ គោលដៅប្រហែល៦ភាគរយនៃកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២១ ត្រូវបានកំណត់ដោយស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា