សេដ្ឋកិច្ច​

រថយន្តដឹកកុងតឺន័រចំនួន ៤ ០០០គ្រឿង ជាប់គាំងនៅព្រំដែនជាមួយចិន ដោយសារតែរឹតបន្តឹងការត្រួតពិនិត្យរបស់គយ

បរទេស៖ ការនាំចេញកសិផលរបស់វៀតណាម កំពុងទទួលរងផលប៉ះពាល់ ខណៈដែលប្រទេសចិនរក្សារបបអធិការកិច្ចដ៏តឹងរ៉ឹងបំផុតនៅច្រកព្រំដែនភាគខាងជើង ជាវិធានការបង្ការវីរុសកូវីដ-19 ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Le Thanh Hoa អនុប្រធាននាយកដ្ឋានកែច្នៃ និងពាណិជ្ជកម្មផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទ នៃក្រសួងកសិកម្មបាននិយាយថា គិតត្រឹមថ្ងៃសុក្រ រថយន្តដឹកកុងតឺន័រចំនួន ៤ ០០០គ្រឿង ត្រូវបានជាប់គាំងនៅច្រកព្រំដែនក្នុងខេត្ត Lang Son ។

លោក Hoa បាននិយាយនៅក្នុងសន្និសីទស្តីពីពាណិជ្ជកម្មកសិកម្មដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍នៅទីក្រុងហាណូយថា នៅឯច្រកព្រំដែនទាំងបីនៃច្រក Huu Nghi, Tan Thanh និង Chi Ma ល្បឿននៃការត្រួតពិនិត្យរបស់គយបច្ចុប្បន្នបានធ្លាក់ចុះជាងពាក់កណ្តាលមកនៅត្រឹមប្រហែល ២២០ កុងតឺន័រក្នុងមួយថ្ងៃ។

សម្រាប់រថយន្តនីមួយៗដែលដឹកផ្លែស្រកានាគ ខ្នុរ និងផ្លែឈើផ្សេងទៀត ជាប់គាំងនៅច្រកទ្វារ តាន់ថាញ់ ត្រូវចំណាយពេលជាមធ្យមពី ១០ ទៅ ១៤ ថ្ងៃ ទើបទទួលបានការត្រួតពិនិត្យពីគយ។

លោក Hoa បាននិយាយថា នៅច្រកទ្វារព្រំដែន Mong Cai ក្នុងខេត្ត Quang Ninh មានតែរថយន្តដឹកទំនិញមួយគ្រឿងប៉ុណ្ណោះដែលត្រូវបានត្រួតពិនិត្យរៀងរាល់សប្តាហ៍។

គណៈគ្រប់គ្រងច្រកទ្វារ Mong Cai បាននិយាយនៅព្រឹកថ្ងៃសៅរ៍ថា រថយន្តដឹកទំនិញគ្រឿងសមុទ្រកកចំនួន ៨០០ គ្រឿង និងរថយន្តដឹកផ្លែឈើ ៣០០ គ្រឿងត្រូវបានជាប់គាំងនៅទីនោះ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top