បរទេស៖ក្រុមហ៊ុនយក្សចិន Alibaba Group Holding Ltd, នៅសប្តាហ៍នេះបានប្រកាស អំពីផែនការក្នុងការចាប់យក ទីផ្សារអាជីវកម្មអនឡាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Lazada។
អ្នកជំនាញមើលឃើញថា ការពង្រីកទីផ្សារដ៏សំបើមនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីទាញយកប្រាក់ចំណូល កាន់តែច្រើនពីក្រៅប្រទេសចិន និងយកទៅជួយដោះស្រាយបញ្ហា សេដ្ឋកិច្ចក្នុងស្រុកផង។
Alibaba ក៏កំពុងដាក់គោលដៅ រយៈពេលវែងផងដែរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈ Lazada ដោយធ្វើយ៉ាងណា ឲ្យអាចទាញយកប្រាក់ចំណូល ឲ្យបាន១០០ពាន់លានដុល្លារ ពីទីនេះ ជាមួយនឹងអតិថិជនគោលដៅ ដែលនឹងមានទៅដល់៣០០លាននាក់។
គួរឲ្យដឹងដែរថា Lazada ត្រូវបាន Alibabaទិញយកកាលពីឆ្នាំ២០១៦ហើយ វាគឺជាទីផ្សារអនឡាញ ដែលមានកម្លាំងបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅពេលនេះខណៈដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី៕ ប្រែសម្រួល៖ស៊ុនលី