បរទេស៖ របាយការណ៍ជាផ្លូវការ ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ខ្លួនបានទទួលកំណើន រហូតទៅដល់៥,៧ភាគរយ កាលពីឆ្នាំ២០២១គឺជាអត្រាកំណើនធំបំផុត មិនធ្លាប់មានឡើយគិតចាប់តាំងតែពីឆ្នាំ១៩៨៤ និងបន្ទាប់ពីសេដ្ឋកិច្ចអាមេរិក ដាំក្បាលចុះខ្លាំងបំផុត កាលពីឆ្នាំ២០២០ ដល់ទៅ៣,៤ភាគរយផងដែរ។
កំណើនកាលពីឆ្នាំទៅនេះ ត្រូវបានគេមើលឃើញដែរថា ក៏បានដោយសារតែចំនួនកញ្ចប់ មូលនិធិជាបន្តបន្ទាប់ពីសំណាក់ រដ្ឋាភិបាលព្រមទាំងអត្រាការប្រាក់ដ៏ទាបផងដែរ ប៉ុន្តែបានធ្លាក់ចុះបន្តិចកាលពីខែធ្នូដោយសារតែរីករាលដាល នៃកូវីដពូជថ្មីអូមីក្រុង។
ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ដែរថា អត្រាកំណើនផលិតផលក្នុងស្រុកសរុប GDP មានខ្ពស់ខ្លាំង កាលពីត្រីមាសទីចុងក្រោយ នៃឆ្នាំ២០២១ ប្រមាណជា៦,៩ភាគរយ។
គួរឲ្យដឹងដែរថា កន្លងមកអ្នកជំនាញ សេដ្ឋកិច្ចធ្លាប់បានផ្តល់ការព្យាករណ៍ តាមរយៈរ៉យទ័រសេដ្ឋកិច្ចអាមេរិក នឹងអាចទទួលបានកំណើនត្រឹមតែ៥,៥ភាគរយប៉ុណ្ណោះ កាលពីឆ្នាំ២០២១៕ ប្រែសម្រួល៖ស៊ុនលី

