វ៉ាស៊ីនតោន៖ តម្លៃប្រេងបានឡើងថ្លៃជាថ្មីទៀត កាលពីថ្ងៃអង្គារ ខណៈសហរដ្ឋអាមេរិក បានប្រកាសហាមឃាត់ ការនាំចូលថាមពលពីរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ។

West Texas Intermediate (WTI) សម្រាប់ការចែកចាយ ខែមេសាបានបន្ថែម ៤,៣០ដុល្លារអាមេរិកឬ ៣,៦ភាគរយដើម្បីទូទាត់នៅ ១២៣,៧០ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange ដែលជាការបញ្ចប់ខ្ពស់បំផុត ចាប់តាំងពីខែសីហា ឆ្នាំ២០០៨ នេះបើយោងតាមទិន្នន័យទីផ្សារ Dow Jones ។
ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែឧសភា បានកើនឡើង ៤,៧៧ដុល្លារ ឬ ៣,៩ ភាគរយ មកបិទនៅតម្លៃ ១២៧,៩៨ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ដែលជាការទូទាត់ខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៨។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃអង្គារបានប្រកាស ពីការដាក់ទណ្ឌកម្មថាមពល លើប្រទេសរុស្ស៊ី ដោយហាមឃាត់ការនាំចូលប្រេង ឧស្ម័នធម្មជាតិរាវ និងធ្យូងថ្មពីប្រទេសរុស្ស៊ី ជុំវិញប្រតិបត្តិការយោធា ដែលកំពុងបន្តរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា
