ហូឡង់៖ រដ្ឋាភិបាលប្រទេសហូឡង់ បានប្រកាសអំពីកញ្ចប់ជំនួយចំនួន ២,៨ពាន់លានអឺរ៉ូ (ប្រហែល ៣,០៥ពាន់លានដុល្លារអាមេរិក) ដើម្បីទប់ទល់នឹងការកើនឡើង តម្លៃថាមពល និងអតិផរណា ដែលបន្តកើនឡើង។
រដ្ឋមន្ត្រីសង្គមកិច្ច និងការងារលោកស្រី Karien van Gennip បានលើកឡើងថា ប្រាក់ឧបត្ថម្ភថាមពលមួយដង សម្រាប់គ្រួសារ ដែលមានប្រាក់ចំណូលទាប នឹងត្រូវបានបង្កើនពី ២០០ អឺរ៉ូដល់ ៨០០ អឺរ៉ូ។
លើសពីនេះ ពន្ធលើតម្លៃបន្ថែម លើថាមពលនឹងត្រូវកាត់បន្ថយពី ២១ ភាគរយមកនៅត្រឹម ៩ ភាគរយ ខណៈដែលពន្ធលើប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត នឹងត្រូវកាត់បន្ថយ ២១ភាគរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងលិខិតផ្ញើជូនសភា លោកស្រីរដ្ឋមន្ត្រី បានឲ្យដឹងថា រដ្ឋាភិបាលកំពុងចាត់វិធានការ ដើម្បីជួយប្រជាជនដែលមានប្រាក់ចំណូលទាប និងមធ្យម ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃថាមពល និងអតិផរណា ដែលបន្តកើតមាន។
អតិផរណាអាចកើនឡើង យ៉ាងខ្លាំងដល់ ៥,២ ភាគរយនៅឆ្នាំនេះ ភាគច្រើនដោយសារតែ តម្លៃថាមពលកើនឡើង។ លោកស្រីបន្តថាទន្ទឹមនឹងនេះ អំណាចទិញត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះជាមធ្យម ២,៧ ភាគរយ៕ ប្រែសម្រួល ឈូក បូរ៉ា