ភ្នំពេញ ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយ នៅកម្ពុជា ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសភាព ជាដៃគូ ជាមួយគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្សព្វផ្សាយ ចំណេះដឹង ផ្នែកឌីជីថលហិរញ្ញវត្ថុបន្ថែមទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ភាពជាដៃគូនេះ នឹងអាចឱ្យអតិថិជន របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ មកទទួលយកប្រាក់កម្ចី ពីភ្នាក់ងារទ្រូម៉ាន់នី ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ តាមរយៈការអនុញ្ញាតឱ្យអតិថិជនរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ប្រើប្រាស់ភ្នាក់ងារ ទ្រូម៉ាន់នី ក្រុមហ៊ុន ទ្រូម៉ាន់នី បាននិងកំពុងជួយលើក កម្ពស់ចំណេះដឹង ផ្នែកឌីជីថល ហិរញ្ញ វត្ថុតាមរយៈការផ្តល់ សេវាធនាគារដល់អ្នក ដែលមិនប្រើសេវាធនាគារ ឬមិនទាន់មានសេវា ធនាគារ ប្រើប្រាស់នៅកម្ពុជា ។
តាមរយៈការចាប់ដៃគូរួមគ្នា រវាងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ និង ក្រុមហ៊ុន ទ្រូម៉ាន់នី គឺដើម្បីធ្វើយ៉ាងណា ឱ្យការបង់សងប្រាក់កម្ចី កាន់តែមានភាពងាយស្រួល សម្រាប់អតិថិជន ដែលជួយឱ្យចំណេញ ពេលវេលាក្នុងការធ្វើដំណើរ ទៅកាន់សាខា របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា។
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាប្រតិបត្តិស្តីទី របស់ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា ៖ «ឥឡូវនេះអ្នកដែលមានប្រាក់កម្ចី អាចមកយកប្រាក់កម្ចី របស់ពួកគេពីភ្នាក់ងារណាមួយរបស់ ទ្រូម៉ាន់នី នៅទូទាំងប្រទេស ។ តាមរយៈការចាប់ដៃគូរួមគ្នា រវាងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុន ទ្រូម៉ាន់នី គឺសង្ឃឹមថា ផ្តល់សេវាកម្មចាំបាច់មួយដល់អ្នក ដែលត្រូវការប្រាក់កម្ចី សម្រាប់តម្រូវការផ្ទាល់ខ្លួន និងពាណិជ្ជកម្ម»។
បណ្ដាសាខា របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ បច្ចុប្បន្នមានទីតាំងនៅរាជធានីភ្នំពេញ សាខាអង្គស្នួល សាខាតាខ្មៅ សាខាគងពិសី និងសាខាកំពង់ស្ពឺ។ សាខាពីរទៀត ត្រូវបានរំពឹងថា នឹងបើកនៅឆ្នាំ ២០២៣ខាងមុខ ។
ស្ថាបនិក និងអគ្គនាយិកាប្រតិបត្តិ លោកស្រី ឌិត នីតា មានប្រសាសន៍ថា៖ «តាមរយៈការបង្កើត កិច្ចព្រមព្រៀងនេះ ជាមួយក្រុមហ៊ុនទ្រូម៉ាន់នី យើងសង្ឃឹមថា នឹងធ្វើឱ្យប្រាក់កម្ចី និងការសងប្រាក់កម្ចី កាន់តែងាយស្រួល ដល់អតិថិជនជាច្រើន របស់យើង ។ យើង ក៏កំពុងព្យាយាម លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល ដោយធានាថា ប្រជាជនកម្ពុជាទូទាំងប្រទេស អាចទាញយកអត្ថប្រយោជន៍ ពីសេវាហិរញ្ញវត្ថុ និងផលិតផលកម្ចី និងគំនិតផ្តួចផ្តើមផ្សេងទៀត របស់យើង» ។
កិច្ចព្រមព្រៀងនេះ នឹងចូលជាធរ មាននៅថ្ងៃទី ២៨ ខែកញ្ញា។
ទ្រូម៉ាន់នី គឺ ជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុអន្តរជាតិ ឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុន ផ្ដល់សេវាហិរញ្ញវត្ថុ ឌីជីថល បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំ ជាងគេបំផុត នៅតំបន់អាស៊ី ។ TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុ ដ៏ពេញនិយមបំផុតមួយ នៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន ។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត ។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន ។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ ។
អំពីគ្រឹះស្ថាន ខេមា
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ត្រូវបានបង្កើតទ្បើង ក្នុងឆ្នាំ២០០៨ ។ នៅពេលនោះ ខេមា គឺជាប្រតិបត្តិករឥណទានឯកជន ដែលផ្តល់សេវាឥណទាន ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល ។ នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១០ គ្រឹះស្ថាន ខេមា ទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិ នៃកម្ពុជា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានសិទ្ធិពេញលេញ ក្នុងការផ្តល់ឥណទានជូនអតិថិជន។
គិតត្រឹមឆ្នាំ២០២២នេះ ខេមា មានការិយាល័យប្រតិបត្តិការចំនួន ៥ ដូចជា៖ ការិយាល័យប្រតិបត្តិការភ្នំពេញ សាខាអង្គស្នួល សាខាតាខ្មៅ សាខាគងពិសី សាខាកំពង់ស្ពឺ និងសាខាពីរទៀត ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៣ ៕