សេដ្ឋកិច្ច​

វៀតណាម ត្រូវប៉ាន់​ទៀតហើយ ខណៈក្រុមហ៊ុន​យក្សអារ៉ាប៊ីសាអ៊ូឌីត គ្រោងបង្កើត​រោងចក្រ ចម្រាញ់​ប្រេងកាត

ក្រុមហ៊ុនប្រេង និងឧស្ម័ន Aramco នៃប្រទេស​អារ៉ាប៊ី សាអ៊ូឌីត កំពុងស្វែងរក​ឱកាស​វិនិយោគ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅក្នុងប្រទេស​វៀតណាម។ នេះ​ជាការ​បញ្ជាក់​របស់​លោក Yasser M. Mufti អនុប្រធាន​ក្រុមហ៊ុន Aramco ក្នុងជំនួប​ជាមួយ​លោក Pham Minh Chinh នាយករដ្ឋមន្រ្តី​វៀតណាម ក្នុងអំឡុងទស្សនកិច្ចនៅក្រុងរីយ៉ាត កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២៣។

ក្រុមហ៊ុន Aramco បាន​ធ្វើសកម្មភាព​អាជីវកម្ម​យ៉ាងខ្លាំង​នៅតំបន់​អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែ​មិនទាន់មានគម្រោង​ផ្ទាល់ណាមួយ​ក្នុងប្រទេស​វៀតណាម​នៅឡើយទេ។ ជាមួយគ្នានេះ លោក Mufti បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម បើកភ្លើងខៀវឱ្យក្រុមហ៊ុនខ្លួនសិក្សាលទ្ធភាព​នៃគម្រោង​បង្កើតរោងចក្រចម្រាញ់​ប្រេងកាតមួយ។

ជាការឆ្លើយតប នាយករដ្ឋមន្រ្តី​វៀតណាម ​បាន​បង្ហាញ​ការស្វាគមន៍ ហើយបញ្ជាក់​ថានឹងផ្តល់ការគាំទ្រ​​ក្នុងការបណ្តុះបណ្តាល​ធនធានមនុស្ស។

សូម​ជម្រាប​ថា Aramco គឺ​ជាក្រុមហ៊ុន​ប្រេង និងឧស្ម័ន​ធំបំផុត​មួយ​ក្នុងប្រទេសអារ៉ាប៊ី​ សាអ៊ូឌីត។ កាលពី​ឆ្នាំមុន ក្រុមហ៊ុននេះ អាច​រកប្រាក់ចំណេញ​បានដល់ ១៦១ពាន់លានដុល្លារ។

គួរដឹងដែរថា បច្ចុប្បន្ន​វៀតណាម​មានរោងចក្រ​ចម្រាញ់ ​ប្រេងកាតចំនួន២ ដែល​អាចបំពេញតម្រូវការ ​ក្នុងស្រុកបាន ៧០% ៕

Most Popular

To Top