ដុល្លារូបនីយកម្ម បានកើតឡើង ក្នុងស្ថានភាព ដែលជំនឿទុកចិត្ត លើប្រាក់រៀលមានភាពទន់ខ្សោយ ក្រោយពីសង្គ្រាមស៊ីវិលជិត ៣ទសវត្សរ៍ និងការហូរចូលយ៉ាងច្រើន សន្ធឹកសន្ធាប់នៃប្រាក់ដុល្លារអាមេរិក ក្នុងពេលរៀបចំការបោះឆ្នោតសកល លើកដំបូងនៅកម្ពុជា ដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលហៅកាត់ថា អ៊ុនតាក់។ នេះបើតាមការថ្លែងសុន្ទរកថា របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី «ដុល្លារូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយ ក្នុងការអភិវឌ្ឍហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច» កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ដុល្លារូបនីយកម្មបាន រួមចំណែកជួយស្តារសេដ្ឋកិច្ច និងអមដំណើរនៃការសម្រេច បានកំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ។
យ៉ាងណាមិញ លោកជំទាវបញ្ជាក់ថា ដុល្លារូបនីយកម្មខ្ពស់ បានដាក់កំហិតលើការអនុវត្តគោលនយោបាយរូបិយវត្ថុ។ នៅពេលដែលទំហំសេដ្ឋកិច្ចកម្ពុជា កើនឡើងកាន់តែធំ ការខ្វះលទ្ធភាពប្រើប្រាស់គោលនយោបាយ រូបិយវត្ថុដោយពេញលេញ ក៏ធ្វើឱ្យសេដ្ឋកិច្ចកាន់តែងាយរងគ្រោះផងដែរ ហើយដែលបណ្តាលឱ្យពឹងផ្អែកតែទៅលើ គោលនយោបាយសារពើពន្ធ។
ក្នុងសុន្ទរកថារបស់លោកជំទាវ បានឱ្យដឹងទៀតថា ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសស្ថិរភាពនយោបាយ បានផ្តល់ភាពអំណោយផលដល់ការពង្រឹង ការប្រើប្រាស់ប្រាក់រៀលជាលំដាប់ ខណៈដែលសមាមាត្រ នៃការប្រើប្រាស់ដុល្លារអាមេរិកនៅតែមានកម្រិតខ្ពស់។ បញ្ហានេះ ស្របទៅនឹងការរកឃើញនានា របស់អ្នកស្រាវជ្រាវដែលថា ពេលដែលដុល្លារូបនីយកម្មកើន ដល់ចំណុចខ្ពស់មួយហើយ នឹងមិនងាយថយចុះវិញបានទេ គឺតម្រូវឱ្យមានការអនុវត្តគោលនយោបាយលើកទឹកចិត្តផង និងគាំទ្រផងដើម្បីកាត់បន្ថយកម្រិតដុល្លាររូបនីយកម្ម។

សូមជម្រាបថា រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានពង្រឹងជំនឿទុកចិត្តរបស់សាធារណជន មកលើប្រាក់រៀលជាប្រចាំ និងបានអនុវត្តវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ផ្អែកលើយន្តការទីផ្សារ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ម ។ កត្តាទាំងនេះ បានបង្កើនបរិមាណប្រាក់រៀលក្នុងចរាចរណ៍ពី ០,៨៥ទ្រីលានរៀល កាលពី ២០ឆ្នាំមុន ដល់ ១៤,៥ទ្រីលានរៀល នាពេលបច្ចុប្បន្ន ពោលគឺកើនឡើងប្រមាណ ១៦ដង ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ច ។ កំណើននេះជាជំហាននិងជាក្តីសង្ឃឹមដ៏សំខាន់ ដើម្បីឈានទៅបង្កើនការប្រើប្រាស់ ប្រាក់រៀលបន្ថែមទៀត។ នេះជាការបញ្ជាក់បន្ថែម របស់លោកជំទាវទេសាភិបាល ធនាគារជាតិនៃកម្ពុជា ៕
