សេដ្ឋកិច្ច​

ព្រែកជីកស៊ុយអេ និងព្រែកជីកប៉ាណាម៉ា ភ្ជាប់សមុទ្រនិងសមុទ្រ! ចុះព្រែកជីកហ្វូណនតេជោ?

ព្រែកជីក​ដ៏ល្បីល្បាញបំផុតក្នុងពិភពលោក គឺព្រែកជីកស៊ុយអេ និងព្រែកជីកប៉ាណាម៉ា ដែលភ្ជាប់​ពីសមុទ្រម្ខាង ទៅសមុទ្រម្ខាងទៀត ដើម្បី​បង្កើតជាផ្លូវទឹកកាត់​ដ៏លឿនរហ័ស​សម្រាប់​ការធ្វើ​នាវាចរណ៍។ ក្នុងនោះ ព្រែកជីក​ស៊ុយអេ ក្នុងប្រទេសអេហ្ស៊ីប ភ្ជាប់ពី​សមុទ្រមេឌីទេរ៉ាណេ ទៅកាន់សមុទ្រក្រហម។ ចំណែកព្រែកជីកប៉ាណាម៉ា ស្ថិតក្នុងប្រទេសប៉ាណាម៉ា ដែលភ្ជាប់ពី​មហាសមុទ្រអាត្លង់ទិក ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។

ដោយឡែក​ព្រែកជីកហ្វូណនតេជោ ខុសគ្នាពីព្រែក​ជីកទាំងពីរខាងលើ ពោលគឺគម្រោងព្រែកជីករបស់កម្ពុជានេះ ភ្ជាប់ពីទន្លេ ទៅសមុទ្រ។

ព្រែកជីកនេះ​មាន​ប្រវែង ១៨០គីឡូម៉ែត្រ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។

ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ។ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំ ឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។

គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុង អំឡុងឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕

Most Popular

To Top