សេដ្ឋកិច្ច​

លោក ប៉ិច នី៖ ដំណើរ​អាជីពការងារ​រយៈពេល​៣០​ឆ្នាំ​ពី​ចំណុចចាប់ផ្តើមដំបូង រហូតទទួលបានសមិទ្ធផលដ៏អស្ចារ្យ

ភ្នំពេញ៖ កាលពី ៣០ ឆ្នាំមុន ពេលដែលលោក ប៉ិច នី បានចូលរួមជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាជាលើកដំបូង លោកមានត្រឹមតែការប្តេជ្ញាចិត្ត និងក្តីសង្ឃឹមមួយប៉ុណ្ណោះ។ កាលនោះ លោកគឺជាយុវជននៅលីវម្នាក់ដែលទើបតែបានចាប់ផ្តើមបម្រើការងារដំបូង តែសព្វថ្ងៃនេះលោកគឺជាស្វាមី ជាឪពុក និងជាមេគ្រួសារ ជាមួយនឹងអនាគតដ៏ភ្លឺស្វាងដែលបានកសាងឡើងដោយការខិតខំប្រឹងប្រែង តាមក្តីសង្ឃឹម និងដោយស្នាដៃរបស់ខ្លួនផ្ទាល់ ហើយសមិទ្ធិផលទាំងនេះគឺកើតចេញពីការបម្រើការងាររយៈពេល ៣០ ឆ្នាំរបស់លោកជាមួយ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។

លោក ប៉ិច​ នី បានរៀបរ៉ាប់អំពីជីវប្រវត្តិការងាររបស់លោកជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ក្នុងវីដេអូពិសេសមួយនេះដើម្បីរំលឹកដល់ការចងចាំកន្លងមកជាមួយការងារនេះ។ សូមទស្សនានូវវីដេអូពេញរបស់លោកនៅក្នុងទំព័រហ្វេសប៊ុករបស់ ហ៊ិននីគែនខេមបូឌា។

ក្នុងនាមជាបុគ្គលិកមួយក្នុងចំណោមបុគ្គលិកដែលបម្រើការងារយូរនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា លោក ប៉ិច នី មានឱកាសគ្រប់គ្រងការងារចាប់តាំងពីផ្នែកលក់ និងផ្នែកទីផ្សារ រហូតដល់ដោះស្រាយបញ្ហាប្រឈមផ្នែកភ័ស្តុភារមួយចំនួនអំឡុងពេលដែលប្រទេសកម្ពុជាកំពុងចាប់ផ្តើមអភិវឌ្ឍដំបូង។ លោកបាន​និយាយ​ថា​៖ «​ពេល​នោះ​ យើង​ត្រូវ​ដឹកជញ្ជូន​ផលិតផលរបស់យើង​តាម​ទូក​ទៅ​ឱ្យ​អតិថិជន​របស់​យើង។ ការដឹកជញ្ជូនកាលនោះមានភាពស្មុគស្មាញដោយសារឃ្លាំងស្តុកផលិតផលមានទីតាំងនៅឆ្ងាយពីទីផ្សារសំខាន់ៗរបស់យើង។ ហេតុនេះហើយ ការដឹកជញ្ជូនផលិតផលរបស់យើងទៅដល់ដៃអតិថិជនជាឧបសគ្គដ៏ពិបាកមួយ។

លោកបន្តពន្យល់ថា ទើបតែកំឡុងពេលឆ្នាំ១៩៩៤ ប៉ុណ្ណោះដែលស្ពានជ្រោយចង្វារត្រូវបានសាងសង់រួចរាល់ ហើយនេះបានផ្តល់ជាជំនួយមួយសំខាន់ដល់ការដឹកជញ្ជូនទំនិញរបស់យើង ប៉ុន្តែការដឹកជញ្ជូននៅតែជាបញ្ហាប្រឈមក្នុងការដឹកជញ្ជូនផលិតផលទៅកាន់អ្នកប្រើប្រាស់នៅតាមតំបន់ជាយក្រុង ដូចជាតំបន់ព្រែកលៀបជាដើម។ លោកបានបន្ថែមថា ការដឹកជញ្ជូនផលិតផលរបស់យើងទៅកាន់ខេត្តដាច់ស្រយាលមួយចំនួន ដូចជាខេត្តមណ្ឌលគិរី ត្រូវទាមទារភាពអត់ធ្មត់​ និងការប្តេជ្ញាចិត្តខ្ពស់របស់លោកផងដែរ។ លោក​បាន​ចែករំលែក​ថា​៖ «​ផ្លូវ​នៅ​ទីនោះ​ពិតជាពិបាកណាស់ យើងត្រូវធ្វើដំណើរតាមផ្លូវរដិបរដុប តាមផ្លូវរទេះ និង ផ្លវធ្វើដំណើរដោយថ្មើរជើងតែប៉ុណ្ណោះ។ ប្រសិនជាពេលបុណ្យទានដូច​បុណ្យ​ភ្ជុំបិណ្ឌ ការធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​មណ្ឌលគិរីត្រូវ​ចំណាយ​ពេលពី ១២ ទៅ ១៤​ថ្ងៃឯណោះ»។

តាមរយៈបញ្ហាប្រឈមទាំងនេះ លោក ប៉ិច នី បានបង្កើតគំនិតមួយ​ នោះគឺបង្កើតបណ្តាញអ្នកចែកចាយបន្តថ្មីមួយ ដើម្បីដោះស្រាយបញ្ហាចែកចាយផលិតផលនៅតាមបណ្តាខេត្តនានា។

លោកបានពន្យល់ថា៖ «ខ្ញុំយល់ថា ប្រសិនបើយើងអាចដាក់ផលិតផលរបស់យើងឱ្យកាន់តែជិតអតិថិជន នោះដំណើរការចែកចាយទាំងមូលនឹងកាន់តែរលូន»។

ថ្នាក់ដឹកនាំក្រុមហ៊ុនបានពេញចិត្ត និងអនុម័តតាមផែនការរបស់ លោក ប៉ិច នី ហើយប្រព័ន្ធយុទ្ធសាស្ត្រនៃឃ្លាំងចែកចាយក្នុងស្រុកបានបង្កើតឡើង។ ឃ្លាំងចែកចាយទាំងនោះក៏នៅតែប្រើប្រាស់ដល់សព្វថ្ងៃនេះ ដើម្បីផ្គត់ផ្គង់ផលិតផលដល់ខេត្តមួយចំនួនដូចជា កំពង់ចាម ក្រចេះ និងស្ទឹងត្រែងផងដែរ។

ក្រៅពីការផ្តល់ឱកាសឱ្យមានការប្រើប្រាស់គំនិតផ្តួចផ្តើមរបស់គាត់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បានផ្តល់ឱកាសផ្សេងៗជាច្រើនទៀតដល់លោក ប៉ិច នី ឱ្យគាត់បានស្វែងយល់អំពីការងារថ្មីៗ និងមានទំនាក់ទំនងជាមួយបុគ្គលថ្មីៗជាច្រើនថែមទៀត។

លោក ប៉ិច នី ក៏បានរំឭកអំពីការធ្វើដំណើរលើកដំបូងរបស់គាត់ទៅកាន់ទីក្រុងហាណូយ ដើម្បីចូលរួមសិក្ខាសាលាជាមួយសហការីរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ថា៖ «វាជាលើកទីមួយរបស់ខ្ញុំដែលបានជិះយន្តហោះ។ ក្រុមហ៊ុនបានគាំទ្រយើងគ្រប់មធ្យោបាយ ហើយបានជួយធ្វើលិខិតឆ្លងដែន រៀបចំកន្លែងស្នាក់នៅ និងផ្តល់ទំនុកបម្រុងគ្រប់យ៉ាងដែលយើងត្រូវការ»។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ការធ្វើដំណើរទៅវៀតណាមពេល​នោះ ​មិន​មែន​គ្រាន់​តែ​ដើម្បីចូលរួមក្នុង​សិក្ខាសាលាប៉ុណ្ណោះ​​ទេ តែវាពិតជាជួយឱ្យខ្ញុំមានឱកាសបានជួបមនុស្សថ្មីៗ និងរៀនពីគ្នាទៅវិញទៅមក។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានឆន្ទៈក្នុងការវិនិយោគលើខ្ញុំ ដែលនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមានទំនួលខុសត្រូវកាន់តែធំ »។ 

ក្នុងឆ្នាំ ២០១២ លោក ប៉ិច នី បានបន្តមហិច្ឆតា និងការខិតខំប្រឹងប្រែងរបស់គាត់ ដោយគាត់ផ្លាស់ប្តូរពីតួនាទីជាអ្នកគ្រប់គ្រងផ្នែកលក់ ដែលគាត់បានដឹកនាំក្រុមតំណាងផ្នែកលក់សឹងតែពាក់កណ្តាលប្រទេសកម្ពុជា ទៅជាអ្នកគ្រប់គ្រងប្រតិបត្តិការគម្រោងវិញ។ ក្នុងមុខតំណែងនោះ លោកបានប្រើប្រាស់ភាពច្នៃប្រឌិតរបស់គាត់ ដើម្បីរៀបចំព្រឹត្តិការណ៍កម្មវិធី និងផ្សព្វផ្សាយម៉ាកយីហោរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាឱ្យកាន់តែល្បីល្បាញ ។

កម្មវិធីមួយដែលលោកមានមោទនភាពខ្លាំងនោះគឺ Tiger Street Football ។ ការ​ប្រកួតកីឡានេះ ​បាន​នាំ​មនុស្ស​ជាច្រើនកុះករមកមើលការប្រកួត​កីឡា​បាល់ទាត់ ដែលវាក៏​ជា​ចំណង់​ចំណូល​ចិត្ត​មួយ​របស់​ លោក ផងដែរ។  លោក ប៉ិច នី ក៏មានមោទនភាពផងដែរដែលត្រូវបានទទួលស្គាល់សម្រាប់ការរួមចំណែកជាច្រើនឆ្នាំរបស់គាត់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន។

សម្រាប់ការបម្រើការងារនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា លោក ប៉ិច នី បានយល់ឃើញថា ជីវិតរស់នៅផ្ទាល់ខ្លួន និងអាជីពរបស់គាត់ ពិតជាមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង ដែលវាបានផ្តល់ស្ថេរភាព និងការរីកចម្រើនចំពោះអាជីពការងាររបស់គាត់ និងក្រុមគ្រួសារទាំងមូលរបស់គាត់តែម្តង។ លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាមូលដ្ឋានគ្រឹះនៃអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់ខ្ញុំ។ ក្រុមហ៊ុនបានគាំទ្រខ្ញុំនៅគ្រប់ជំហាន និងផ្តល់ការលើកទឹកចិត្តដល់ខ្ញុំដោយផ្អែកលើការអនុវត្ត និងការរួមចំណែករបស់ខ្ញុំ។ ពេលខ្ញុំចូលបម្រើការងារ ខ្ញុំគ្រាន់តែ​ជា​យុវជន ហើយកាលនោះខ្ញុំ​នៅ​លីវ​នៅឡើយ ហើយ​ឥឡូវ​នេះ​ខ្ញុំ​មាន​គ្រួសារ​ហើយនេះក៏ អរគុណ​ចំពោះ​ឱកាស​ដែល​ក្រុមហ៊ុន​បាន​ផ្ដល់​ឱ្យ​ខ្ញុំ»។

លោក ប៉ិច នី បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៤ ត្រឹមតែ​បី​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ចូល​រួម​ជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។ ឥឡូវនេះ​គាត់​ជា​ឪពុក​មាន​កូន​ស្រី​បួន​នាក់ និង​មាន​ចៅ​ម្នាក់។ កូនស្រីច្បងរបស់គាត់មានការងារធ្វើនៅក្នុងវិស័យ ធនាគារ ម្នាក់ទៀតកំពុងសិក្សានៅសាលាពេទ្យ ចំណែកពីរនាក់ទៀតនៅកំពុងសិក្សា។  

ពី​ការធ្វើដំណើរតាមទូក​ឆ្លង​ដង​ទន្លេ រហូតដល់ការធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម និងពី​អ្នក​ចែកចាយ​ក្នុង​ស្រុក​រហូតដល់​មានទំនាក់ទំនងជាមួយសហការី​អន្តរជាតិ ដំណើរជីវប្រវត្តិ​របស់​ លោក ប៉ិច នី ជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺ​ឆ្លុះបញ្ចាំងពីភាព​រីក​ចម្រើន ភាព​អត់ធ្មត់ និង​ការ​លះបង់ទាំងកំលាំងកាយចិត្តជាច្រើន។ ហើយដូចដែល លោក ប៉ិច​ នី លើកឡើងថា៖​​​ «ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មិនមែនគ្រាន់តែជាក្រុមហ៊ុនអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាប្រៀបបានជាគ្រួសារមួយ»។

បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកជាង ៧០០ នាក់នៅទូទាំងប្រទេស ខណៈពេលដែលកំពុងទ្រទ្រង់ការងារចំនួន ប្រមាណ៦៦,០០០ បន្ថែមទៀតនៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍ផលវិជ្ជមានសេដ្ឋកិច្ចសង្គម ដែលធ្វើឡើងដោយក្រុមហ៊ុនទីប្រឹក្សាសិក្សាផលវិជ្ជមាន Steward Redqueen ដើម្បីសិក្សាពីការរួមចំណែករបស់ក្រុមហ៊ុនចំពោះសង្គមក្នុងស្រុក និងសេដ្ឋកិច្ចកម្ពុជា។

របាយការណ៍នេះក៏ត្រូវបានប្រគល់ជូនដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយលោក Jacco van der Lindenប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនហ៊ិននីគែន ក្នុងកិច្ចជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តីដើម្បីអបអរការចូលរួមរយៈពេល៣០ឆ្នាំនៃក្រុមហ៊ុនហ៊ិននីគែននៅក្នុងប្រទេសកម្ពុជា៕

Most Popular

To Top