កូរ៉េ៖ តារាចម្រៀងរូបសង្ហារ Wonho ត្រូវដកចេញពីក្រុមចម្រៀង Monsta X ក្រោយលេចលឺរឿងជំពាក់បំណុលមិត្តភក្តិ។
ផលិតកម្មStarship Entertainment បានចេញសេចក្តីប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី៣១ ខែតុលានេះថា Wonho នឹងចាកចេញពីក្រុមចម្រៀង Monsta X ក៏ដូចជាផលិតកម្ម Starship ហើយ ។ ក្នុងសេចក្តីប្រកាសបានសរសេរថា “ សួរស្តីអ្នកទាំងអស់គ្នា! ជាដំបូងខ្ញុំសូមអរគុណដល់ អ្នកគាំទ្រដែលស្រលាញ់ Monsta X ក្នុងពេលកន្លងមក ។ ក្រោយធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជាមួយអ្នកដំណាង Wonho បានសម្រេចចិត្តចាកចេញពីក្រុម Monsta X ហើយពួកយើងក៏គោរពការសម្រេចចិត្តរបស់គេ គឺចាប់ពីថ្ងៃនេះទៅ Wonho នឹងមិនមានសកម្មភាពអ្វីមួយក្នុងក្រុមនេះទៀតឡើយ ហើយ Monsta X នឹងនៅបន្តសកម្មភាពដោយមានសមាជិក៦ នាក់ ។ ពួកយើងពិតសោកស្តាយដែលធ្វើអោយអ្នកទាំងអស់គ្នាមិនសប្បាយចិត្តព្រោះដំណឹងនេះ តែយើងសន្យាថា Monsta X នឹងប្រឹងអោយអស់ពីលទ្ធភាពដើម្បីអ្នកគាំទ្រទាំងអស់គ្នា ! ដោយក្តីគោរពពី ផលិតកម្មStarship “ ។
ទើបតែថ្មីៗនេះ Wonho ត្រូវតារាសម្តែងJung Da Eun ចោទថាជំពាក់លុយមិនសង ដល់ថ្នាក់បង្ហោះក្នុងInstagram ធ្វើអោយប៉ះពាល់ដល់សមាជិកក្រុមទាំងមូលនិងអ្នកតំណាង ។ ទោះយ៉ាងណាមានអ្នកគាំជាច្រើនចេញមុខតវ៉ា ហើយលើកឡើងថាវាលម្អៀងខ្លាំងណាស់សម្រាប់ Wonho ៕
ដោយ៖ ទូច សុខលីដា