ប្រមាណ១សប្ដាហ៍មកហើយដែលរឿងរ៉ាវក្នុងគ្រួសាររបស់នាយក្រិន ត្រូវបានបែកធ្លាយអំពីរឿងដែលថា ភរិយារបស់នាយ បានក្បត់ផិត ហើយឥឡូវចេញសាច់រឿងពិតហើយ ដោយនាយក្រិន អះអាងនាយបានឃើញផ្ទាល់ភ្នែក ដោយលើកទី១បានត្រឹមរឹតទ្រូងដើរចេញទាំងអួលណែន។ នេះបើតាមនាយ ប្រាប់ ទំព័រ “កម្ពុជាថ្ងៃនេះ” ក្នុងបទសម្ភាសន៍វីដេអូ។
រឿងរ៉ាវនេះ នាយ ក្រិន បានប្រាប់ថា បានកើតឡើងប្រមាណ ជាង ២ខែហើយ។ តាមដំណើររឿងគឺក្នុងអំឡុងខែសីហាកន្លងទៅ លោកមានជំងឺ ហើយបានទៅសម្រាកព្យាបាលនៅស្រុកកំណើតឯខេត្តបាត់ដំបង ដោយទុកភរិយានៅមើលហាងផឹកស៊ីតែម្នាក់ឯង។ លុះត្រឡប់មកវិញ លោកក៏ចាប់អារម្មណ៍ថា ភរិយាលោកមានអាការៈប្លែក និងចេះតែតែងខ្លួនស្អាតៗរាល់ថ្ងៃ។
ដូច្នេះហើយ លោកក៏ចាប់ផ្ដើមតាមដាន ហើយក៏បានដឹងរឿងតែម្ដង គឺភរិយាបានលួចទាក់ទងអ្នកផ្សេងទៀតក្បត់លោក ហើយលោកបានឃើញផ្ទាល់ភ្នែកតែម្ដង។ “ខ្ញុំបានតាមដានគាត់ ហើយក៏ដឹង…គឺខ្ញុំទាន់គាត់ដឹកដៃគ្នាចូលបន្ទប់…តែពេលនោះខ្ញុំមិនបានធ្វើម៉េចទេ គឺសុខចិត្តដើរចេញវិញទាំងអួលក្នុងចិត្ត!”។
លោក ទេស សុជន់ ហៅ ក្រិន បន្តថា ភ្លាមៗលោកនៅទ្រាំមិនធ្វើសកម្មភាពឲ្យភរិយាដឹងទេ ខ្លាចនាងមានការខ្មាស់អៀន។ រហូតដល់លើកទី២ លោកបានចូលទៅទាន់ម្ដងទៀត ហើយក៏សុខចិត្ត និយាយណែនាំភរិយាដែលកំពុងដើរផ្លូវខុស។ នាយ ក្រិន ប្រាប់ទៀតថា ក្រោយការណែនាំ ភរិយាសន្យាថានឹងកែខ្លួន។
ប៉ុន្តែក្រោយមកទៀត ភរិយាលោកចេះតែនិយាយសុំលែងគ្នា។ ដូច្នេះហើយ ដឹងថាឃាត់មិនបាន នាយប្រាប់ថា ឲ្យលែងចាស់ៗមកនិយាយគ្នាឲ្យដឹងលឺ…។ មកដល់បច្ចុប្បន្ន ភរិយារបស់លោកបានចាកចេញពីលោកទៅហើយ ដោយទុកឲ្យនាយរស់នៅជាមួយកូនទាំងបីប៉ុណ្ណោះ។ នាយ ក្រិន បញ្ជាក់ថា កន្លងមកនេះ ភរិយាបានព្យាមទូរសព្ទមកលោកដែរ ប៉ុន្តែលោកមិនទទួល។
លោកថា រឿងដល់តំណាក់កាលនេះ មហាជនដឹងពេញទឹកពេញដីហើយ លោកដាច់ខាតមិនបកក្រោយ ទទួលយកភរិយាវិញនោះទេ បើទោះជាភរិយា ដឹងកំហុសហើយសុំជានាគ្នាវិញក៏ដោយ។
តារាកំប្លែងមាឌល្អិត ពោលថា ជួបរឿងរ៉ាវជីវិតគូម្ដងហើយម្ដងទៀតបែបនេះ លោកថា រាងនឹងឆាកជីវិតមួយនេះ លែងចង់យកភរិយាបន្តទៀតហើយ៕
ប្រភព៖សប្បាយ