តារាចម្រៀងស្រីវ័យក្មេងរបស់ហង្សមាស រ៉េត ស៊ូហ្សាណា នៅថ្មីៗនេះបានបញ្ចេញឲ្យអ្នកគាំទ្រឃើញនូវរបៀបផាត់មុខថ្មីយ៉ាងកម្រមួយ ដែលបានបង្ហាញពីភាពខុសប្លែកនៃសម្រស់របស់នាង មើលសឹងមិនស្គាល់។

ហ្សាណា បានធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីមិនសូវអើពើនឹងការចេញមុខចេញមាត់តាមរយៈបណ្ដាញសារព័ត៌មាន ដោយការបង្ហោះរូបភាព និងវីដេអូខ្លីមួយនៅលើ IG របស់នាងកាលពីថ្មីៗនេះ។ រូបភាពនោះ តារាចម្រៀងវ័យក្មេងនិយមច្រៀងភាសាអង់គ្លេសរូបនេះ ស្ថិតក្នុងសំលៀកបំពាក់អាវយឺតពណ៌ក្រហមអត់ដៃយ៉ាងសាមញ្ញ ប៉ុន្តែផ្ទៃមុខគឺខុសរាល់ដង ស្ទើរចំណាំមិនបាន។
ផ្ទៃមុខនាង ត្រូវបានផាត់ឲ្យមើលទៅឃើញ រាងសិចស៊ីជាងមុន ខណៈចិញ្ចើមបះត្រង់ទៅលើដ៏ពេញនិយម ឯភ្នែកខ្មៅក្រឹប និងមូលក្រឡង់ ទាញនាងឲ្យមានវ័យ កាន់តែពេញក្រមុំ ស្អាតជាងមុន។ ទាំងនេះ ត្រូវបានសាមីខ្លួនបានអះអាងថា គឺជារបៀបតុបតែងមុខថ្មីរបស់នាង។ “My new style..គិតម៉េចដែរ ចំពោះ style ថ្មីមួយនេះ? ពេញចិត្តអត់ ហាហា!”។ រ៉េត ស៊ូហ្សាណា ថ្លែង។

ប្រិយមិត្តនាងជាច្រើនបានចូលមកឆ្លើយតបទៅនឹងម្ចាស់សំណេរម្ចាស់រូប ដោយពួកគេបានលើកឡើងថា ស្ទីលផាត់មុខរបស់តារាស្រីរូបនេះ ពិតជាស្អាត និងមានភាពទាក់ទាញមិនធម្មតា ឯអ្នកខ្លះទៀត បញ្ជាក់ថា ពួកគេមើល ហ្សាណា សឹងមិនស្គាល់ពិតមែន។

ឈានមកដល់ឆ្នាំនេះ រ៉េត ស៊ូហ្សាណា បានឈានដល់វ័យ ១៩ឆ្នាំហើយ ហើយសម្រស់របស់នាងក៏កាន់តែស្រស់ឆើតជាងមុខដែរ។ ប៉ុន្តែក្នុងរយៈពេលប្រមាណ៣ឆ្នាំនៃការប្រឡូកសិល្បៈមកនេះ ហ្សាណា មិនទាន់លេចឡើងរឿងរសើបពាក់ព័ន្ធនឹងជីវិតស្នេហានៅឡើយ។ ចំណុចនេះ ក៏ព្រោះគេបានដឹងថា នាងត្រូវបានការពារយ៉ាងល្អដោយឪពុករបស់នាង ដែលតែងតែធ្វើជាអ្នកលើកទូរសព្ទជំនួសកូនស្រី និងជាអ្នកអមដំណើរនាងទីកន្លែងការងារនានាផង៕

