ភ្នំពេញ ៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយទិវង្គតក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២៖៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

យោងគេហទំព័រហ្វេសប៊ុករបស់ Royal du Cambodgeនៅថ្ងៃទី១៨ វិច្ឆិកា នេះ បានឲ្យដឹងថា “សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ”។
គេហទំព័រហ្វសប៊ុករបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីក៏បានបញ្ជាក់ផងដែរថា” សម្ដេច រាជ បុត្រី ព្រះ រៀម នរោត្តម បុប្ផា ទេវី ឧត្ដម ប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ និង សមាជិកា ក្រុម ប្រឹក្សា ធម្មនុញ្ញ ស្ដេច យាង សោយ ទិវង្គត ដោយ ព្រះ រោគ គាពាធ នៅ មន្ទីរ ទីក្រុង បាងកក “។

សូមរំលឹកថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះប្រសូត្រ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ៕
