អាមេរិក៖ តារាចម្រៀង Miley Cyrus ត្រូវគេដឹងថាបានបែកគ្នាហើយជាមួយមិត្តប្រុស Cody Simpson ក្រោយទាក់ទងគ្នាបង្អួតភាពផ្អែមល្ហែមបានជាង១ ខែ ។

ព័ត៌មានពី Hollywoodlife បានអោយដឹងនៅថ្ងៃទី ១៩ ខែវិច្ឆិការនេះថាតារាចម្រៀងស្ទីលបែកស្លុយខែMiley Cyrus និងមិត្តប្រុសថ្មី Cody Simpson បានបែកគ្នាហើយក្រោយទាក់ទងគ្នាផ្អែមល្ហែមបានជិត១ ខែ ហើយប្រភពពីខាងក្នុងបានអោយដឹងថា Miley ចង់ផ្តោតសំខាន់លើខ្លួននាងច្រើនជាងស្នេហាហើយ អ្នកទាំងពីរនឹងនៅរាប់អានដូចមិត្តធម្មតា ។ កាលពីខែមុន Cody បាននិយាយថាលោកនិង Miley កំពុងរីករាយណាស់ ហើយថែមទាំងសរសេរចម្រៀងមួយបទនិយាយពី Miley ទៀតផង ធ្វើអោយគ្រប់គ្នាយល់ថា Miley អាចមានស្នេហាពិតប្រាកដម្តងហើយ ។

តារាចម្រៀងវ័យ ២៦ ឆ្នាំ Miley Cyrus បានលែងលះស្វាមី Liam Hemsworth កាលពីខែសីហាឆ្នាំនេះបន្ទាប់ពីនាងត្រូវថតបានថើបគ្នាស្រើបស្រាលជាមួយនាង Kaitlynn Carter ជាស្រីដូចគ្នា ហើយក្រោយមកនាងមកថតអោបថើបផ្អែមល្ហែមជាមួយCody Simpson បង្ហោះពេញបណ្តាញសង្គមប្រកាសថាជាគូស្នេហ៍ទៀត។ ទោះបែកគ្នា Miley បាននិយាយថានាងអាចទាក់ទងជាមួយ Cody ម្តងទៀតនៅខាងមុខមិនបដិសេធនោះឡើយ៕ដោយ៖ ទូច សុខលីដា
