សម្រាប់ប្រទេសជឿនលឿន អាជីពជាអ្នកនិពន្ធបទចម្រៀង គឺល្មមគ្រប់គ្រាន់ អាចឲ្យពួកគេក្លាយជាអ្នកមានបាន ព្រោះថាពួកគេអាចរកចំណូល បានស្ទើរតែគ្រប់ទីកន្លែង ពីស្នាដៃរបស់ខ្លួន។
ទស្សនាវដ្ដីអាមេរិក Rolling Stone បានឲ្យដឹងថា រាល់ពេលដែលអាល់ប៊ុមចម្រៀងលក់ដាច់ អ្នកនិពន្ធចម្រៀងទាំងអស់អាចទទួល បានចំណូល ៩,១សេនក្នុងមួយអាល់ប៊ុម។ ឧទាហរណ៍បទចម្រៀង “Umbrella” របស់ Rihanna អាចលក់ដាច់ចំនួន ៤លានបន្ទះ សម្រាប់អាល់ប៊ុម Single (អាល់ប៊ុមដែលមានតែចម្រៀងមួយបទ) និង ២,៧២លានបន្ទះទៀត នៅពេលបញ្ចូលក្នុងអាល់ប៊ុម “Good Girl Gone Bad” ។ ដូច្នេះអ្នកនិពន្ធបទនេះទាំង៤នាក់អាចទទួលបានចំណែកស្មើៗគ្នាពីទឹកប្រាក់សរុបទាំងអស់ ៦១១ ៥២០ដុល្លារ។ នេះគិតតែចំនួន អាល់ប៊ុមដែលលក់ដាច់នៅអាមេរិកប៉ុណ្ណោះ គឺមិនរាប់បញ្ចូលការលក់ នៅប្រទេសផ្សេងៗ ទូទាំងពិភពលោកឡើយ។
លើសពីនេះ ប្រសិនបើបទចម្រៀងនោះ ត្រូវចាក់ក្នុងខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ វីដេអូហ្គេម ឬក៏វីដេអូពាណិជ្ជកម្មផ្សេងៗ ស្ថាប័នទាំងនោះត្រូវចុះកិច្ចសន្យាទិញសិទ្ធិពីផលិតកម្ម ហើយជាទូទៅអ្នកនិពន្ធអាចទទួលបានចំណូលមួយផ្នែក ធំពីការទិញសិទ្ធិនេះ។ សម្រាប់បទចម្រៀងល្បីដូចជាបទ “Rolling in the Deep” ឬ “Poker Face” ត្រឹមតែការចាក់ផ្សាយតាមវិទ្យុគឺ អាចរកប្រាក់ប្រមាណ ៥សែនដុល្លារ ក្នុងមួយឆ្នាំ។ ម្ចាស់ស្នាដៃបទចម្រៀងក៏អាចទទួលបានចំណូលដែរ នៅពេលដែលបទចម្រៀងរបស់ពួកគេ ត្រូវបានតារាចម្រៀងណាក៏ដោយយកទៅសម្ដែងក្នុងការប្រគំតន្ត្រី ក៏ដូចជាកម្មវិធីពានរង្វាន់ និងកម្មវិធីកីឡាផ្សេងៗ។
អ្នកនិពន្ធចម្រៀងល្បីៗ Cirkut, Dr. Luke និង Max Martin
អ្នកនិពន្ធក៏អាចទទួលបានចំណូលខ្លះដែរ រាល់ពេលបទចម្រៀងរបស់គេមានអ្នកចូលស្ដាប់ និងទស្សនាលើបណ្ដាញអ៊ីនធឺណិតផ្សេងៗដូចជា Spotify, YouTube, Rhapsody និងវេបសាយជាច្រើនទៀត។ លោក Seth Saltzman ជានាយករងសមាគមអ្នកនិពន្ធអាមេរិក ដែលមើលការខុសត្រូវចំពោះចំណូលសមាជិកអ្នកនិពន្ធចំនួន ៤សែននាក់ បាននិយាយថា អ្នកនិពន្ធខ្លះអាចរកចំណូលបានដល់រាប់សិបលាន ដុល្លារ បើសិនបទចម្រៀង របស់គេល្បីបានរយៈពេលយូរ។ ដូច្នេះហើយបានជាសិល្បករខ្លះ ដែលបានស្លាប់ទៅហើយដូចជា Michael Jackson នៅតែអាចរកចំណូលបានច្រើន តាមរយៈស្នាដៃរបស់ខ្លួន៕
ប្រភព៖ news.sabay.com.kh