Alex Hirschi ដែលមានឈ្មោះ លើអ៊ីនធឺណិតថា Supercar Blondie បច្ចុប្បន្ននេះមានអ្នក Follower សរុបប្រមាណ ៣០លាននាក់ នៅលើបណ្ដាញសង្គមទាំងអស់ របស់នាង។ ការបង្ហាញរថយន្តតម្លៃថ្លៃៗ មានលក្ខណៈពិសេសៗរបស់នាង ទាក់ទាញបានចំណាប់ អារម្មណ៍មនុស្សជាច្រើន។
នារីវ័យ ៣៤ឆ្នាំនេះ មានទីកន្លែងកំណើតនៅរដ្ឋ Queensland ប្រទេសអូស្ត្រាលី ដែលនាងធ្លាប់ធ្វើជាពិធីការនី និងជាអ្នកយកព័ត៌មានឲ្យទូរទស្សន៍មួយ មុនផ្លាស់ទីលំនៅទៅកាន់ទីក្រុងឌុយបៃដែលជាទីលំនៅបច្ចុប្បន្នរបស់នាង។
បើផ្អែមតាម GoCompare បានឲ្យដឹងថា Alex អាចរកចំណូលបានប្រមាណ ១,៥លានដុល្លារ ក្នុងឆ្នាំ ២០១៩ តាមរយៈការរកចំណូលបានប្រមាណ ៥៥០០ដុល្លារពីវីដេអូមួយលើ YouTube និងការបង្ហោះលើ Instagram ម្ដងៗអាចរកចំណូលបានជាង ៣៦ ០០០ដុល្លារ។
ក្នុងនាមជាអ្នកផលិតវីដេអូបង្ហាញអំពីរថយន្តទំនើបៗ Alex ក៏មានរថយន្តប្រណីតៗមួយចំនួនសម្រាប់ខ្លួននាងផ្ទាល់ផដែរ ដូចជារថយន្ត Rolls-Royce Ghost និងរថយន្ត McLaren 720s។ ថ្មីៗនេះដែរនាងបានកក់ប្រាក់ទិញរថយន្តភីកអាប់អគ្គិសនី Cybertruck ផងដែរ។
សម្រាប់រថយន្តកំពូលៗដែល Alex ធ្លាប់បើកបរសាកល្បងមានដូចជារថយន្ត Devel Sixteen (រថយន្តកម្លាំង ៤៥០០សេះរបស់ក្រុមហ៊ុនរថយន្តឌុយបៃ), រថយន្ត Lamborghini Reventon Roadster, Koenigsegg Agera RS, Tachyon Speed និង Bugatti Chiron Sport 300+ ជាដើម៕
ប្រភព ៖ sabay


