ប៉ូលីសក្រុង Dallas កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងការស៊ើបអង្កេតករណីបាញ់ប្រហារ ចំពោះតារារ៉េប Mo3 រហូតបាត់បង់ជីវិត ទាំងកណ្ដាលថ្ងៃ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លើកំណាត់ផ្លូវ Highway។
ជនសង្ស័យ ដែលប្រព្រឹត្តិអំពើឃោរឃៅនោះ ត្រូវបានប៉ូលីសបង្ហើបថាជា បុរសជំទង់ស្បែកខ្មៅ ដែលបានធ្វើសកម្មភាព ដោយចុះពីឡាន ហើយបានទៅជិត Mo3 ដែលកំពុងអង្គុយក្នុងឡាន។ យោងតាមប៉ូលីស Mo3 បានរត់ចេញពីឡាន ហើយចាប់ផ្ដើមរត់ ស្របពេលជនដៃដល់ព្យាយាម ដេញតាមពីក្រោយ និងបាញ់ប្រសាចមកលើ Mo3។ ក្រោយពេលសម្រុកបាញ់ជាច្រើនដងហើយ បុរសដែលប៉ុនប៉ងសម្លាប់នោះក៏បានគេចខ្លួនរត់ចូលឡានពណ៌ខ្មៅ។
ក្រោយរងនូវសន្ធឹកគ្រាប់កាំភ្លើងហើយ Mo3 ក៏ត្រូវបានគេបញ្ជូនបន្ទាន់ទៅមន្ទីរ ពេទ្យដែលនៅជិតនោះ ប៉ុន្តែជាអកុសល លោកបានបាត់បង់ជីវិត ដោយសារវាមានសភាពធ្ងន់ធ្ងរពេក។ នេះបើតាមប៉ូលីសបាននិយាយ៕