IU ត្រូវបានគេស្គាល់ច្បាស់ថា ជានារីចិត្តល្អ ចូលចិត្តធ្វើបុណ្យ ពិសេសតែងមានមុខផ្ដល់ជំនួយទៅកាន់កន្លែង ដែលត្រូវការជំនួយជានិច្ច។ ជាក់ស្ដែងដូចខែនេះ នាងបានឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនទៅកាន់ Child Fund Korea នូវទំហំទឹកប្រាក់ដ៏ច្រើន។ ដូច្នេះបើសរុបមកគិតត្រឹមតែឆ្នាំ ២០២០នេះ IU បរិច្ចាគលុយអស់ជិត ១ពាន់លានវ៉ុន (ប្រមាណ ៩០៣ ០០០ដុល្លារ) តែឯងទៅហើយសម្រាប់ជួយជាតិ។
តារាចម្រៀងទោលលំដាប់កំពូលរូបនេះ បានចាប់ផ្ដើមបរិច្ចាគលុយដំបូង សម្រាប់ឆ្នាំនេះតាំងពីចុងខែកុម្ភៈ សម្រាប់សកម្មភាពសប្បុរសធម៌ ក្នុងអំឡុងពេលនៃការផ្ទុះមេរោគ COVID-19។ នាងបានឧបត្ថម្ភ ១០០លានវ៉ុន (ខ្ទង់ ៩០ ៣០០ដុល្លារ)ដល់អង្គការ Good Neighbors និង ១០០លានវ៉ុន ទៀតដល់សមាគម Korea Medical Association។
ខែបន្ទាប់ នាងបានឧបត្ថម្ភ ច្រើនយ៉ាងណាស់ទៅឲ្យស្រុកមួយចំនួន ក្នុងប្រទេសកូរ៉េខាងត្បូង។ Seocho និង Gwacheon បានទទួល ១ស្រុក ៣០លានវ៉ុន (ប្រមាណ ២៧ ១០០ដុល្លារ) ពី IU ដើម្បីទិញសម្ភារៈការពារដូចជា ទឹកលាងដៃ ម៉ាស និងសម្ភារៈផ្សេងៗទៀត។ ឯស្រុក Yangpyeong វិញ បានទទួល ៣៥លានវ៉ុន (ប្រមាណ ៣១ ៦០០ដុល្លារ) ពីនាង ដើម្បីជួយគាំពារសុខភាពទារក និងជួយដល់ជនពិការ។
ឈានចូលដល់ខែមីនា ប្រាក់ជំនួយរបស់ IU ក្នុងយុទ្ធនាការប្រឆាំង COVID-19 សរុបដល់ទៅ ៣១៥លានវ៉ុន (ខ្ទង់ ២៨៥ ០០០ដុល្លារ)។ បន្តមកទៀតនៅខែឧសភា នាងបានជួយដល់មូលនិធិ Green Umbrella Child Fund នូវទឹកប្រាក់ ១០០លានវ៉ុន (ខ្ទង់ ៩០ ៣០០ដុល្លារ) ចំពេលនៃទិវាកុមាររបស់កូរ៉េ។
ខែដដែល នាងក៏បានបរិច្ចាគ ១០លាន វ៉ុន (ខ្ទង់ ៩ ០៣០ដុល្លារ) ដល់ស្រុក Gwacheon ដើម្បីជួយប្រជាជនមានជីវភាពខ្វះខាត ដែលជួបប្រទះការពិបាកក្នុងការរស់នៅ ដោយសារមេរោគរាតត្បាតអុកឡុកខ្លាំងពេក។
ក្នុងថ្ងៃខួបកំណើត IU ឧបត្ថម្ភ ៥១,៦លានវ៉ុន (ខ្ទង់ ៤៦ ៦០០ដុល្លារ) ឲ្យទៅមូលនិធិ Green Umbrella Child Fund និង Walking with Us Children’s Foundation។
ខែសីហា ក្រោយពេលប្រទេសកូរ៉េខាងត្បូង រងផលប៉ះពាល់ ដោយសារឥទ្ធិពលភ្លៀង IU បានបរិច្ចាគ ១០០លានវ៉ុន (ខ្ទង់ ៩០ ៣០០ដុល្លារ) ទៅកាន់អង្គការ Hope Bridge ដើម្បីអាចផ្គត់ផ្គង់ស្បៀងអាហារដល់ជនរងគ្រោះ ដែលរងនូវគ្រោះធម្មជាតិទឹកជំនន់ពេលនោះ។ ជំនួយមួយនេះ នាងប្រើឈ្មោះពិត Lee Ji Eun ហើយសូម្បីក្រុមហ៊ុន ក៏មិនបានដឹងរឿងនេះដែរ។
ក្រោយមកទៀត នាងក៏បានចែកអំណោយ ដល់អ្នកដែលការងារត្រូវចេញមុខការពារ និងទប់ស្កាត់ការឆ្លងមេរោគ COVID-19 ដោយបានផ្ដល់ជូនអាវកាក់ទឹកកកចំនួន ៤៦០០ ដើម្បីទប់ទល់នឹងការឡើងកម្តៅ នៅពេលក្រុមការពារ និងប្រយុទ្ធនឹងរោគរាតត្បាតបានប្រើប្រាស់ឲ្យបានស្រួល។ អាវនោះ បើសរុបជាលុយគឺ ១០០លានវ៉ុនឯណោះ ហើយសូម្បីប្រធានាធិបតី Moon Jae In ក៏បានលាន់មាត់សរសើរ IU ថាជាមនុស្សគិតគូរដល់ប្រទេសជាតិខ្លាំងដែរ។
ចូលដល់ខែកញ្ញាវិញ មានសេចក្ដីរាយការណ៍មកថា ជំនួយសរុបរបស់នាងគិតត្រឹមពេលនោះ គឺដល់ទៅ ៧៣៥លានវ៉ុន (ខ្ទង់ ៦៦៤ ០០០ដុល្លារ) ប៉ុន្តែក៏នាងមិនទាន់បញ្ចប់ត្រឹមនេះដែរ ព្រោះឈានដល់ថ្ងៃគម្រប់ខួប១២ឆ្នាំ នៃការចូលសិល្បៈ IU បានឧបត្ថម្ភ ២កន្លែង គឺ ៥០លានវ៉ុន (ខ្ទង់ ៤៥ ២០០ដុល្លារ) ដល់ Snail Of Love និង ៥០លានវ៉ុនទៀតដល់សមាគម Korea Unwed Mother’s Families Association។
រហូតដល់ការឧបត្ថម្ភ លើកចុងក្រោយសម្រាប់ឆ្នាំនេះ គឺ នាងបានផ្ដល់ ១០០លានវ៉ុន ដល់ Child Fund Korea ជួយដល់សិស្ស ដែលត្រូវបានចិញ្ចឹម ដោយជីដូនជីតាចាស់ជរា និងខ្វះខាតក្នុងជីវិតភាពរស់នៅ។ ដោយសារនាងធ្លាប់ជា ក្មេងស្រីដែលធំដឹងក្ដី ក្រោមការចិញ្ចឹមបីបាច់របស់ជីដូនជីតាដែរ ដោយសារជីវភាពគ្រួសារធ្លាក់ដុនដាបខ្លាំង។
ដូចនេះ សរុបជារួមមក ទឹកប្រាក់ចេញពីទឹកចិត្តថ្លៃថ្លារបស់ IU សម្រាប់ឆ្នាំ ២០២០នេះ ដល់ទៅ ៩៣៥លានវ៉ុន (ខ្ទង់ ៨៤៥ ០០០ដុល្លារ) ឯណោះ ឬអាចនិយាយបានថាជិត ១ពាន់លានវ៉ុនទៅហើយ។ នេះសបញ្ជាក់យ៉ាងច្បាស់ ពីបេះដូងសប្បុរសរបស់ IU ដែលប្រពៃមិនអាចកាត់ថ្លៃបានឡើយ គឺស្របពេលប្រទេសមានបញ្ហា ឬកន្លែងត្រូវការជំនួយ នាងតែងបង្ហាញមុខជានិច្ច។ ហេតុនេះវាគ្មានអ្វីត្រូវចម្លែកទេដែលនាងត្រូវ Forbes Asia ឲ្យរហស្សនាមថា «Heroes of Philanthropy» ក្នុងឆ្នាំ ២០១៩៕ ប្រភព៖ sabay