ភ្នំពេញ ៖ អង្គការ WCS បានឲ្យដឹងថា សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជលើពិភពលោក ខណៈនៅកម្ពុជា មានប្រហែល ៤.០០០ក្បាល។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ អង្គការ WCS នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១បាន បញ្ជាក់ថា «សត្វទន្សោងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វ ទន្សោងបានថយចុះយ៉ាងច្រើន ក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់យកសាច់ និងស្នែង»។
ប្រភពដដែលបន្ដថា ជំងឺឆ្លងមួយចំនួនដែលកើតមានលើពពួកសត្វពាហនៈ ក៏ជាកត្តាគម្រាមកំហែងចំពោះប្រភេទសត្វ នេះផងដែរ។ សត្វប្រភេទនេះចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃរបោះ វាលស្មៅ ព្រៃគុម្ពោត និងចូលចិត្តរកស៊ីនៅ តាមមាត់អូរ។
អង្គការ WCS បន្ថែមថា «សត្វទន្សោងមានវត្តមាន រាយប៉ាយ នៅទូទាំងប្រទេសកម្ពុជា ជាពិសេសមានច្រើននៅតំបន់ ភាគនិរតី ភាគខាងជើង និងភាគ ពាយព្យ និងមានចំនួនតិចតួចនៅក្នុងប្រទេសវៀតណាម។ តាមការប៉ាន់ស្មាន ប្រទេសកម្ពុជាទំនងជាមានចំនួនសត្វទន្សោងច្រើនជាងគេ ប្រហែល ៤.០០០ក្បាល»។
ជាងនេះទៅទៀត អង្គការ WCS សហការជាមួយ ក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងការពារទីជម្រក របស់សត្វទន្សោង នៅក្នុងតំបន់ការពារធម្មជាតិ ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ដើម្បីការពារសត្វប្រភេទនេះកុំឲ្យផុតពូជ។
សូមជម្រាបថា យោងមាត្រា៥៨នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសសត្វព្រៃ ដូចជា ការចាប់ ដាក់អន្ទាក់ ប្រមាញ់ បំពុល ប្រមូលពង កូនសត្វព្រៃគ្រប់ប្រភេទ ត្រូវពិន័យជាប្រាក់ចាប់ពី ១០០.០០០ រៀល ដល់១លានរៀល៕