ទិវានារីអន្តរជាតិ (ភាសាអង់គ្លេស International Women’s Day: IWD) ប្រារព្ធធ្វើនៅថ្ងៃទី ៨ ខែមីនា ជារៀងរាល់ឆ្នាំ។ វាគឺជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលបានបង្ហាញពីប្រវត្តិដ៏អង់អាចរបស់ស្ត្រីនៅលើពិភពលោក។
ប្រវត្តិទិវានារីអន្តរជាតិ
ទិវានារីអន្តរជាតិ(៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ជាឱកាសមួយ ត្រូវអបអរ ដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើន បានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែក ដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹកឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។
ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទ ប្រឆាំងនឹងបុរសដើម្បីបញ្ចប់ សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក “សេរីភាព សមភាព ភាតរភាព” ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និងចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។
ប្រវត្តិសង្ខេប នៃព្រឹត្តិការណ៍នេះរៀបតាមលំដាប់នៃកាលវេលា ដូចខាងក្រោម៖
ឆ្នាំ១៩០៩យោងតាមសេចក្ដីថ្លែងការណ៍របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយត្រូវបានគេគោរពអបអរសាទរទូទាំងសហរដ្ឋ អាមេរិក នៅថ្ងៃទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយនៃខែនោះនាឆ្នាំ១៩១៣។
ឆ្នាំ១៩១០សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Manchester city បានបង្កើតជាទិវានារីមួយដែលមានលក្ខណៈជាអន្តរជាតិ ដើម្បីអបអរចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាននូវសិទ្ធិបោះឆ្នោតជាសកល សម្រាប់នារី។សំណើនេះត្រូវបានទទួលអបអរដោយមានការអនុមតិជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់មកពីប្រទេស១៧ដែលរួមមាននារីដំបូងគេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធីអបអរនិងគោរពទិវានេះទេ។
ឆ្នាំ១៩១១ជាលទ្ធផលនៃកិច្ចពិភាក្សាដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅ ថ្ងៃទី១៩ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់បានមកចូល រួមគាំទ្រទាំងអស់គ្នា។
ជាបន្ថែមទៅលើសិទ្ធិក្នុងការបោះឆ្នោតនិងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើងចំពោះ ការងារ។ ជិតមួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សាបណ្ដាលមកពីអគ្គីភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍នេះមានផលប៉ះពាល់យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះត្រូវបានគេ ស្មិងស្មាធិ៍ រំលឹកប្រតិស្ឋ អធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ដើម្បីរំលឹកទិវានារី អន្តរជាតិ។
ឆ្នាំ១៩១៣-១៩១៤ជាផ្នែកមួយនៃចលនាសន្តិភាពដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សីបានធ្វើពិធីរំលឹកខួបទិវានារីអន្តរជាតិរបស់គេជាលើក ទីមួយ នៅថ្ងៃអាទិត្យចុងក្រោយក្នុងខែកុម្ភៈឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុង[អឺរ៉ុប] នៅថ្ងៃ ឬប្រហែលថ្ងៃទី៨ខែមិនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នាដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬមួយដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។
ឆ្នាំ១៩១៧ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀតបានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ “ចំណីអាហារហូបចុក និង សន្តិភាព”។ មេដឹកនាំនយោបាយបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។ ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នបានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ខែកុម្ភៈ តាមប្រតិទិនជូល្យ៉ិនៀ[Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ] ដែលកាលនោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មិនា តាមប្រតិទិន Gregorian (គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ ដែលត្រូវគេប្រើនៅទីដទៃទៀត។
ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារីជាសកលរបស់អង្គការសហប្រជាជាតិ ចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយសម្រាប់សម្របសម្រួលកម្លាំងដើម្បី ទាមទារសិទ្ធិនារី និងទាមទារឲ្យនារីអាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។ ទិវានារីអន្តរជាតិកាន់តែប្រែក្លាយទៅជាពេលវេលាមួយសម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរសកម្មភាពទាំងឡាយដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី។
ប្រភពhttp://sabay៖