ទីធ្លាមុខប្រាសាទអង្គរវត្ត បេតិកភណ្ឌពិភពលោករបស់កម្ពុជា ដែលធ្លាប់តែ រញ៉េរញ៉ៃដោយការលក់ដូរ បែបអនាធិបតេយ្យ ទឹកលេច ពេលភ្លៀងបែកភក់មើលមិនយល់ ពេលនេះបានប្រែមុខមាត់សឹងមិនគួរឲ្យជឿ។

ក្រោយការរៀបចំសួន ការរើតូបលក់ដូរ បែបអនាធិបតេយ្យ ការដាំស្មៅ ដាំផ្កា ក្រាលការ៉ូឡា ជួសជុលហេដ្ឋារចនាសម្ព័ន្ធនានាអស់រយៈពេលជាច្រើនខែអាជ្ញាធរជាតិអប្សរា និងផ្នែកពាក់ព័ន្ធការកែប្រែបរិវេណមុខប្រាសាទអង្គរ ឲ្យក្លាយជាទីឋានដ៏រមនា គួរជាទីទស្សនារបស់ភ្ញៀវទេសចរ និងលើកតម្លៃវប្បធម៌ បេតិកភណ្ឌជាតិខ្មែរយ៉ាងខ្ពស់ត្រដែត។

តាមផែនការការងាររបស់នាយកដ្ឋានគ្រប់គ្រង ព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន គឺគ្រោងរៀបចំការដាំស្មៅ និងដើមឈើធំៗចំនួន១១ទីតាំងបន្ថែមទៀតដូចជា បរិវេណខាងជើង និងខាងលិចសួនក្រវាន់ (ខាងមុខប្រាសាទអង្គរវត្ត) ជុំវិញត្រពាំងសេស បរិវេណប្រាសាទព្រហ្មកិល បរិវេណជុំវិញអាងស្ទាក់ខ្សាច់(ច្រកសំពៅលូន) ផ្នែកខាងលិចជាប់កសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងក្នុងប្រាសាទអង្គរវត្ត បន្ថែមទៀត។

គួរបញ្ជាក់ថាអង្គរវត្ត ជាប្រាសាទព្រហ្មញ្ញសាសនា ធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ អង្គរសង់ឡើងនៅដើមសតវត្សទី១២ ស្ថិតនៅក្នុងរាជធានីបុរាណ ខ្មែរឈ្មោះយសោធរបុរៈ៕ប្រភព៖sabay




