លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃ២៣ វិច្ឆិកា ១៩២៦ គឺជាស្ថាបត្យករជើងចាស់ ដ៏ល្បីល្បាញ របស់ប្រទេសកម្ពុជា។
លោកបានរួមចំណែកជាច្រើន ក្នុងស្ថាបត្យកម្ម ដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) នៅពេលដែលវប្បធម៌ខ្មែរមានការរីកចម្រើន ក្រោមព្រះរាជកិច្ចដឹកនាំ របស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។
នៅទសវត្សរ៍៦០ និង ៧០ បិតាស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ បានគូរប្លង់ ស្ថាបនាអាគារល្បីៗជាច្រើននៅកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ។ នៅទីនោះ ស្នាដៃរបស់លោក ឈរយ៉ាងសង្ហាប្រដំប្រសងគ្នា ជាមួយនឹងសំណង់ អាគារបុរាណៗ វត្តអារាម និងសំណល់ពីសម័យអាណានិគម។
កំឡុងសម័យនោះ ដែលគេស្គាល់ថា ជាយុគមាស ស្នាដៃសំខាន់ៗ របស់លោកមាន សាលសន្និសីទចតុមុខ អគារគណៈរដ្ឋមន្ត្រី និងវិមានរដ្ឋ។ លោកក៏បានគូរប្លង់វត្តអារាម និងស្ថានទូតខ្មែរ នៅបរទេសជាច្រើនទៀត ។ បើតាមលោក Tous Saphoeun បានឲ្យដឹងថាជាលើកចុងក្រោយ លោកតាបានផ្ដាំពាក់ព័ន្ធនឹងអនាគតរាជធានីភ្នំពេញថា៖
១. ទីក្រុងភ្នំពេញ ត្រូវតែរីកទៅទិសខាងត្បូង ព្រោះជាដីតំបន់ខ្ពស់ អត់លិចទឹក ងាយស្រួលរៀបបណ្ដាញទឹកស្អុយ រំដោះទឹកជំនន់ ជាទីទួលខ្ពស់ចាក់លប់តិច ដីក៏មានជីវជាតិសម្រាប់កសិកម្ម ។
២. ប្រយ័ត្នតំបន់ខាងជើង ព្រោះជាតំបន់វាលទំនាប ងាយប្រឈមទឹកជំនន់ ជាតំបន់រង្វង់ស្នែងក្របី ដីទាប មានជំនន់ធំកើតឡើង ជារៀងរាល់២៥ឆ្នាំម្ដង កើតចេញពីជួរភ្នំក្រវាញ និងភ្នំដងរែក។
៣. ទិសខាងកើត គួររក្សាទុកជាតំបន់បៃតង ទុកផ្គត់ផ្គង់បន្លែបៃតង មិនត្រូវអនុញ្ញាតអោយ មានការរីកក្រុងទៅទិសនោះទេ ព្រោះខ្សែទឹកខាងលើ ទន្លេមេគង្គ ជាប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ អោយអ្នកក្រុងទាំងមូល ម្យ៉ាងវិញទៀត គ្មានប្រភពទទួលទឹកស្អុយ លំបាករៀបបណ្ដាញលូទឹកស្អុយបញ្ចេញចោល។
៤. ទិសខាងលិច ត្រូវរៀបចំជាតំបន់ឧស្សាហកម្ម សិប្បកម្ម ព្រោះងាយស្រួលដឹកជញ្ជូន ភ្ជាប់ទៅកាន់ តំបន់កំពង់ផែដឹកជញ្ជូន ។ល។
ក្រុងស្អាតទៅបាន ឬទីក្រុងអេកូឡូស៊ី វាអាស្រ័យទៅលើការប៉ិន ប្រសព្វរៀបអោយមាន តុល្យភាព នៃការរក្សាអោយមានតំបន់ខៀវ (ទឹក) និងបៃតង (សួន) ប្រភពបឹងមិនមែនដើម្បីលុបទេ ត្រូវស្គាល់សាវតារតំបន់ គោរពអតីតកាល អោយតម្លៃអតីតកាល បានធ្វើអោយក្រុងរៀបថ្មីមានអនាគតល្អ។
អ្នកដឹកនាំក្រុងល្អ គឺជាមនុស្សមិនមែន ជាអ្នកនយោបាយទេ គឺជាមនុស្សបច្ចេកទេស យល់លើការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចច្បាស់លាស់ ជាមនុស្សមានផែនការ និងយល់ស្ថានការណ៍ល្អឥតខ្ចោះ ៕ sabay