បវរកញ្ញា ភូមា Hann May ដែលពេលនេះកំពុងជ្រកកោន នៅប្រទេសថៃ នៅឡើយ បានចេញមុខជាថ្មីពីទស្សនៈ និងផ្នត់គំនិត របស់នាងចំពោះប្រទេស និងប្រជាជនមីយ៉ាន់ម៉ារបស់នាង ។
Hann May ថ្លែងថា៖ “មកុដរបស់ខ្ញុំ ត្រូវជាមកុដតំណាងឲ្យប្រជាជន និងប្រទេសរបស់ខ្ញុំ” ។ នេះជាសារថ្មីទៀត របស់យុវតីមានភក្ដីភាព ជាមួយជាតិមាតុភូមិ ភូមា ឬមីយ៉ាន់ម៉ារូបនេះ ចាប់តាំងពីនាង បានប្រើប្រាស់វេទិកាកម្មវិធី Miss Grand International ថ្លែងសារស្ដីពីស្ថានភាព នយោបាយនៅក្នុងប្រទេសរបស់នាងបន្តបន្ទាប់ ។
អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រទេសភូមា ធ្លាក់ក្នុងភាពវឹកវរ ចាប់តាំងពីមានអំពើរដ្ឋប្រហារយោធាកាលពីខែកុម្ភៈមក។ សំឡេងកាំភ្លើង ដែលជាការតតាំងរបស់ទាហានក្រុមរដ្ឋប្រហារ ទប់ទល់នឹងបាតុករប្រជាជន និងការប្រយុទ្ធតតាំង ជាមួយក្រុមរដ្ឋនានា ដែលមិនចំណុះឲ្យក្រុមទាហានរបស់មេដឹកនាំ ម៉ីង អ៊ុងឡាំង បានលឺស្ទើរគ្រប់កន្លែង ក្នុងប្រទេសជារៀងរាល់ថ្ងៃ។
ស្ថានភាពនេះ យុវតីជាតិភូមា Hann May បានព្យាយាមប្រើសំឡេងរបស់ខ្លួន នៅបរទេសធ្វើជាសារប្រាប់ទៅពិភពលោកអំពីប្រជាជនភូមាដែលកំពុងជួបការប្រឈមដោយសារតែពួកគេមិនចង់បានការគ្រប់គ្រងរបស់របបយោធា។ នៅលើវេទិកា Miss Grand International កន្លងមក យុវតី បានស្រែករកការជួយអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ប្រឆាំងនឹងរបបរដ្ឋប្រហារ ក្នុងចេតនាស្តារប្រទេសរបស់នាងឲ្យទៅរកសភាពដើមមុនថ្ងៃរដ្ឋប្រហារវិញ។
ការខិតខំរបស់នាងម្ដងហើយម្ដងទៀតនេះ បាននាំឲ្យមានការភ័យខ្លាចអំពីសុវត្ថិភាពរបស់ ស្របពេលដែលមិត្ត រួមជាតិរបស់នាង ដែលជាសិល្បករល្បីៗមួយចំនួន ត្រូវបានចាប់ឃុំខ្លួនរួចទៅហើយ ក្នុងបេសកកម្មដូចគ្នា ។ ជាក់ស្ដែង ដូចជាតារាសម្ដែង ប្រុសដ៏ល្បី Paing Takhon ជាដើម ដែលតាមព័ត៌មាន លោកត្រូវបានទាហាន ចាប់ឃុំខ្លួននៅនឹងផ្ទះរបស់ខ្លួន កាលពីដើមខែមេសា ពេលដែលលោកត្រឡប់ ពីការភៀសខ្លួន ហើយវិល មកផ្ទះវិញដោយសារស្ថានភាពសុខភាព ។
រូបភាព៖ IG Hann May
ងាកមក Hann May វិញ នាងត្រូវបានប្រទេសថៃ អនុញ្ញាតឲ្យនាងជ្រកកោន បណ្ដោះអាសន្ន មួយរយៈពេលវែង ។ អំឡុងពេល ជ្រកកោននៅបរទេស យុវតីភូមា ជារឿយៗ នៅតែចេញមុខនិយាយពីឆន្ទៈរបស់នាងចំពោះជាតិ និង ប្រជាជនភូមារបស់ខ្លួន ដូចនឹងសារចុងក្រោយនេះដែលថា មកុដដែលនាងមានពាក់លើក្បាល គឺគ្រឿង ដែលត្រូវតែតំណាងឲ្យប្រទេស និង ជនរួមជាតិរបស់នាង៕