Ellen DeGeneres ត្រូវបានចាត់ទុកថាជាពិធីការិនី និងតារាកំប្លែងដ៏ជោគជ័យម្នាក់ដែលសាងកេរ្តិ៍ឈ្មោះមកជាយូរណាស់មកហើយក្នុងវិស័យ។

ក្រៅពីពូកែខាងវោហារ Ellen ក៏មានទេពកោសល្យពិសេសច្រើនទៀតដែរ ហើយជារឿយៗតែងបង្ហាញលើកម្មវិធីរបស់ខ្លួនផ្ទាល់។ សព្វថ្ងៃ តារាស្រីរូបនេះក៏កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយនឹងភរិយា Portia De Rossi ដោយប្រើជីវិតចុងក្រោយជាមួយគ្នារហូតទៅ។Portia និង Ellen
ពេលនេះក៏ដល់ពេល យើងទៅដឹងពីរឿងរ៉ាវខ្លះៗដែលកម្របានចាប់អារម្មណ៍ពី Ellen។ ដោយ Sabay សូមលើកយកចំណុចសំខាន់ៗ ១០ចំណុចមានដូចជា៖
១. Ellen Degeneres កើតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥៨ នៅ Metairie, Louisiana សហរដ្ឋអាមេរិក។

២. មុនបានក្លាយជាតារាកំប្លែង Ellen បានឆ្លងកាត់ការងារជាច្រើនកាលពីមុន ដូចជាធ្លាប់ធ្វើការជាអ្នកលក់ម៉ាស៊ីនបូមធូលី, អ្នកបម្រើតាមភោជនីយដ្ឋាន និងជាអ្នកគាស់សំបកអយស្ទ័រជាដើម។

៣. Ellen និងបងប្រុស Vance ធំដឹងក្ដីក្នុងគ្រួសារអ្នកវិទ្យាសាស្ត្រដែលជាអ្នកកាន់សាសនាគ្រិស្ត។ ដូចនេះពីតូចដល់អាយុ១៣ឆ្នាំ ពួកគេត្រូវគោរពតាមសាសនាគ្រិស្ត ហើយតាមព័ត៌មានចុះផ្សាយ គ្រិស្តសាសនិកមិនជឿលើវេជ្ជបណ្ឌិត ឬថ្នាំពេទ្យទេ ដូចនេះវាក្លាយជាប្រពៃណីចម្លែកបំផុតសម្រាប់ Ellen ដែលកាលនោះនៅក្មេងនៅឡើយ។ ហេតុនេះទើបដល់អាយុ១៣ ឆ្នាំ នាងដើរចេញពីសាសនានេះ។

៤. ក្នុងផ្ទះ Ellen មិនមែនជាសមាជិកគ្រួសារដែលលេងសើចច្រើនទេ ព្រោះបងប្រុសរបស់នាងពូកែលេងជាង។ ម្យ៉ាងរហូតដល់អាយុ ១៣ឆ្នាំ ទើប Ellen ចាប់ផ្ដើមចេះនិយាយលេងច្រើន មានន័យថាស្របពេល ឪពុកម្ដាយលែងលះគ្នា។ ហេតុនេះទើប Ellen បង្ខំចិត្តផ្លាស់ប្ដូរចរិតខ្លះ ដោយប្រែជានិយាយលេងច្រើន ដើម្បីឲ្យម្ដាយបានសប្បាយចិត្ត។

៥. ដោយសារឪពុកម្ដាយលែងលះគ្នា ទើប Ellen ត្រូវមកនៅជាមួយម្ដាយ ហើយបងប្រុសនៅជាមួយនឹងឪពុក។ ក្រោយមកម្ដាយនាងក៏មានប្ដីទី ២ ហើយថ្ងៃខែឆ្នាំរំលងផុតទៅជាបន្តបន្ទាប់ អ្នកស្រី Betty Jane ដែលត្រូវជាម្ដាយរបស់ Ellen ធ្លាក់ខ្លួនឈឺដោយសារមហារីក។ វាក៏បានក្លាយជាឱកាសរបស់ឪពុកចុង ដែលមានគំនិតមិនល្អមកលើ Ellen ដោយព្យាយាមប្រព្រឹត្តិទង្វើអសីលធម៌មកលើនាង ប៉ុន្តែដោយសារកាន់តែមិនស្រួលចិត្តទើប Ellen ព្យាយាមគេចខ្លួនរកកន្លែងសុវត្ថិភាពដែរ។
៦. Ellen សម្រេចបោះបង់ការសិក្សានៅមហាវិទ្យាល័យ ជំនាញទំនាក់ទំនង ក្រោយរៀនបាន ១ឆមាសដំបូង ដោយចាប់យកការងារជំនួសវិញ។

៧. ជឿទេ? ពីមុន Ellen ក៏ជាកំពូលអ្នកជក់បារីដែរ ហើយតែងរកវិធីមកផ្ដាច់ទម្លាប់នេះរាប់ឆ្នាំ។ ក្រោយមកនាងក៏បានព្យាយាមរូបមន្តផ្ដាច់បារីពីកម្មវិធី Allen Carr ‘Easyway’ ហើយចុងក្រោយក៏បានជោគជ័យ។
៨. Ellen និង Madonna គឺជាជីដូនមួយជំនាន់ទី ១១នឹងគ្នា

៩. Ellen ធ្លាប់ធ្វើកម្មវិធីពីមន្ទីរពេទ្យ ដោយសារពេលនោះនាងត្រូវសម្រាកព្យាបាល ហើយគ្រូពេទ្យតម្រូវឲ្យសម្រាកឲ្យបានច្រើន ប៉ុន្តែកើតមកមាននិស្ស័យជាមនុស្សម្នាក់ដែលសកម្មនឹងការងារ ទើប Ellen សម្រេចបន្តដំណើរការកម្មវិធីធម្មតា គ្រាន់តែបរិយាកាសខុសប្លែករាល់ដង។

១០. ដឹងថាតារាប្រុសដែល Ellen ចង់ស្នេហ៍ដំបូងជាអ្នកណាទេ? ចម្លើយនោះគឺ Michael Jackson។

Bonus: កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ Ellen បានទទួលមេដាយ «Presidential Medal of Freedom» ពីអតីតប្រធានាធិបតី Barack Obama ដែលជាមេដាយមហាកិត្តិយសផុតលេខសម្រាប់តារាកំប្លែងរូបនេះ។ ពេលឡើងទទួលនោះដែរ Ellen រំភើបរហូតដល់ស្រក់ទឹកភ្នែក៕

ប្រភព៖
