ភ្នំពេញ ៖ អស់រយៈពេលប្រមាណ ១០ឆ្នាំ ជាងហើយ ដែលអតីតតារាចម្រៀង សំនៀងក្រអួនក្រអៅ អ្នកនាង ងួន ស្រីស បានបាត់មុខសូន្យឈឹង ពីសង្គមសិល្បៈ ហើយការបាត់ឈ្មោះ លស់សំឡេងនេះដែរ បានធ្វើឱ្យ ទស្សនិកមួយ ចំនួនគិតថា ស្រីស អាចនឹងទៅសាងគ្រួសារ រស់នៅក្រៅប្រទេសក៏ថាបាន ។ ប៉ុន្តែការពិតអ្នកនាង ងួន ស្រីស ពុំបានទៅរស់នៅ ក្រៅប្រទេសអ្វីឡើយ គឺរស់នៅក្នុងប្រទេសកម្ពុជា យើងនេះឯង ។
បច្ចុប្បន្ននេះអ្នកនាង ងួន ស្រីស កំពុងរស់នៅយ៉ាងសុខសាន្ត ជាមួយគ្រួសារតូច របស់នាង ក្នុងទីក្រុងភ្នំពេញ ដោយមិនចង់រវីរវល់ ជាមួយការងារសិល្បៈទៀតឡើយ ពោលគឺផ្ដោតតែទៅលើមុខជំនួញ ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។
ជាមួយគ្នានេះដែរ សូម្បីតែវត្តមានរបស់នាង ទៅណាមកណាជាមួយ អតីតមិត្តសិល្បៈរួមជំនាន់ ក៏កម្រនឹងមានដែរ ដោយចាំបានថា កាលពីឆ្នាំ ២០១៨ អ្នកនាង ងួន ស្រីស ធ្លាប់បានបង្ហាញវត្តមានដំបូង នៅក្នុងពិធីមង្គលការមួយ ជាមួយដៃគូចាស់ របស់នាងគឺកញ្ញា សុភ័ក្រ កុសុម៉ា ដែលពេលនោះហើយ ទើបធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ និងអ្នកសារព័ត៌មានជាច្រើន ។
យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ នៅពុំមានដំណឹងច្រើនពីអ្នកនាង ងួន ស្រីស ឡើយ ដូច្នេះហើយ ទើបក្រុមការងារ LookingToday បានសុំធ្វើការនុញ្ញាតិ សម្ភាសន៍ចង់ដឹងអំពីសុខទុក្ខ និងស្ថានភាពគ្រួសាររបស់អ្នកនាង ដើម្បីឱ្យមហាជនបានជ្រាប ប៉ុន្តែអ្នកនាង បានត្រឹមតែសូមទោស និងឆ្លើយតបយ៉ាងខ្លីថា “សូមទោសអូន បងអត់ចង់មានព័ត៌មានអីទេ សូមទោសអូន” ។
យោងតាមការឆ្លើយតប ខាងលើ បានសបញ្ជាក់ឱ្យឃើញថា អ្នកនាង ងួន ស្រីស កំពុងមានចេតនាផ្ដាច់ខ្លួន ពីសង្គមសិល្បៈទាំងស្រុង ដែលគ្រាន់តែចង់រស់នៅ ដោយភាពស្ងប់ស្ងាត់ ជាមួយគ្រួសារ និងមិនចង់សូម្បីបង្ហាញខ្លួន ឬឈ្មោះ នៅឆាកកម្មវិធីទូរទស្សន៍ ក៏ដូចជានៅលើទំព័រកាសែត ណាមួយឡើយ ។
គួរឱ្យដឹងថា មុនពេលចាកចេញ ពីសិល្បៈអ្នកនាង ងួន ស្រីស ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងសមត្ថភាពខ្ពស់ម្នាក់ ចេះថ្នាក់ថ្នមលើកដាក់សំឡេង បានយ៉ាងល្អតាំងតែពីនៅកុមារភាពមកម្ល៉េះ ។ ហើយកេរ្តិ៍ឈ្មោះរបស់នាង ត្រូវបានមហាជន ស្គាល់កាន់តែខ្លាំង តាមរយៈបទចម្រៀង ជាច្រើនដូចជាបទ«ស្នេហាត្រីកោណ» បទ«ចាំបងវិលវិញ» ជាដើម ៕
ដោយ៖ ម៉ានី