ភ្នំពេញ ៖ លោក ស៊ុំ សារឿន ដែលជាអ្នកចម្រៀងជើងចាស់ និងជាអ្នកនិពន្ធទំនុកចម្រៀង ប្រចាំផលិតកម្មហង្សមាស ក្រោយពីបានទទួលមរណភាព កាលពីវេលាម៉ោង ១១:២០នាទីថ្ងៃត្រង់ ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ បានធ្វើឱ្យមានការសោកស្ដាយ យ៉ាងខ្លាំង ពីសំណាក់សិល្បៈករ សិល្បៈការិនីគ្រប់ជំនាន់ ដោយសារតែលោក គឺជាធនធានមនុស្សដ៏សំខាន់ នៅក្នុងការងារសិល្បៈរបស់ប្រទេសកម្ពុជា ដែលកំពុងតែរីកចម្រើនទៅមុខ ។
ដូចដែលទស្សនិកជន បានដឹងរួចមកហើយថា មុនពេលធ្វើមរណកាលទៅ លោក ស៊ុំ សារឿន ដែលអ្នកសិល្បៈជំនាន់ ក្រោយតែងតែហៅថា “លោកគ្រូៗ” នោះ គឺជាផ្នែកដ៏សំខាន់មួយ ក្នុងការបណ្ដុះបណ្ដាល តម្រែតម្រង់ផ្លូវទៅដល់បេក្ខជន បេក្ខនារី នៅក្នុងកម្មវិធីប្រលងចមច្រៀង លំដាប់ថ្នាក់ពិភពលោក ដូចជា “Cambodian idol” និង The Voice Cambodia” ជាដើម ។ ហើយកន្លងមក អ្នកចម្រៀង នៅក្នុងផលិតកម្មហង្សមាស ដែលលោកបានធ្វើការ ជាមួយយូរជាងគេនោះ គឺជាអតីតតារាចម្រៀងប្រុស ក្នុងផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ តែម្ដង ។
ទាងទងជាមួយនឹងមរណភាពរបស់លោក ស៊ុំ សារឿន នេះផងដែរ លោកព្រាប សុវត្ថិ ក៏បានផ្ញើរសាររំលែកទុក្ខ និងបង្ហាញពីអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ព្រោះតែជាការបាត់បង់ ធនធានមនុស្ស ដ៏ឆ្នើមមួយរូប ។
ជាមួយគ្នានេះដែរ កំពូលតារាចម្រៀងប្រុស កំពុងជ្រកក្រោមទ្រនំ ផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា ខាងលើនេះ ក៏បានចូលរួមជា បច្ច័យបុណ្យ សម្រាប់ភ្ជាប់និស្ស័យ ក៏ដូចជាឧទ្ទិសបុណ្យដល់លោក ស៊ុំ សារឿន ចំនួន ៤លានរៀល ។ នេះបើយោងតាមការបង្ហាញ ប្រាប់ពីសំណាក់លោក ហេង ឡុង នៅលើគណនីហ្វេសប៊ុករបស់លោក ។
គួរឱ្យដឹងផងដែរថា បទចម្រៀងល្បីៗមួយចំនួនធំ របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ គឺសុទ្ធសឹងតែជាស្នាដៃនិពន្ធរបស់លោក ស៊ុ សារឿន ដែលមានដូចជាបទ “យ៉ាប់យឺនដួងចិត្ត” បទ “រសើប” បទ “ឱបខ្លុយចាំស្នេហ៍” បទ “ក្ដាមស្រែ” និងមានជាច្រើនបទទៀត ដែលមិនអាចរាប់អស់ ៕
ដោយ៖ ម៉ានី