ភ្នំពេញ ៖ លោក សាន សេកសុខុម ត្រូវបានទស្សនិកជន មួយចំនួនធំ ស្គាល់ច្បាស់ថា ជាអតីតអ្នកនិពន្ធទំនុកចម្រៀង ដ៏សមត្ថភាពខ្ពស់ម្នាក់ នៅក្នុងផលិតកម្មសាន់ដេ ដោយស្នាដៃរបស់លោកទាំងអស់ សុទ្ធតែមានអត្ថន័យខ្លឹមសារ អន្លង់អន្លោច ចុងជួនល្អ ស្ដាប់មិនចេះជិនណាយឡើយ ។
គួរឱ្យដឹងថា ស្នាដៃទំនុកចម្រៀង តែងនិពន្ធដោយលោក សាន សេកសុខុម គឺជាចំណែកធំមួយ បានជួយលើកកេរ្តិ៍ឈ្មោះរបស់តារាចម្រៀង ជុំ លីណូ ឱ្យបានល្បីល្បាញ រហូតមកទល់សព្វថ្ងៃ តាមរយៈបទ “គោយន្តអ្នកស្រែ នៅតែចាំស្រី” “ចុតហ្មាយប្រល័យស្នេហ៍” អណ្ដាតម្ដាយអូន” “ព្រមឱ្យអូនការ” ហើយជាពិសេសនោះគឺបទ “អ្នកប៉ះកង់ចង់មានស្នេហ៍” ដែលចេញនៅកំលុងឆ្នាំ ២០១០-២០១១ ។
ទាក់ទងជាមួយគ្នានេះដែរ ស្រាប់តែថ្មីៗនេះ លោក សេន សេកសុខុម ដែលបច្ចុប្បន្នកំពុងរស់ នៅឯប្រទេសអូស្ត្រាលី បានបង្ហោះសាររៀបរាប់យ៉ាង វែងអន្លាយ នៅលើគណនីហ្វេសប៊ុក របស់លោក ដោយរំឮក ដល់អតីតកាល កាលពី ១០ឆ្នាំមុន ដែលលោក បានអាក់អន់ចិត្តជាមួយម្ចាស់ ផលិតកម្មដែលលោក បានធ្វើការ រហូតឈានដល់ការចាកចេញ ។ ហើយមូលហេតុដែលបណ្ដាលឱ្យលោកអន់ចិត្តនេះ ក៏ព្រោះតែលោកគិតថា ទឹកមាត់សាប គ្មានតម្លៃធ្វើការបន្តទៀត ។
ខាងក្រោមនេះ គឺជាសំណេរទាំងស្រុងរបស់លោក សេន សេកសុខុម ទាក់ទងនឹងការអាក់អន់ចិត្តរបស់លោក ជាមួយផលិតកម្មដែលលោកធ្វើការ កាលពី ១០ឆ្នាំមុន ៖
“ឃើញcomment បងប្រុសម្នាក់ខាងក្រោម ធ្វើឲ្យខ្ញុំនឹកឃើញរឿង១កាលពី ១០ឆ្នាំមុន កាលដែលខ្ញុំនៅនិពន្ធចម្រៀងនិងកុន ឲ្យផលិតកម្មធំមួយ ។ មានថ្ងៃមួយ លោកចាងហ្វាងបានបើកឡាន មកដឹកខ្ញុំទៅញ៉ាំគុយទាវនៅម្តុំផ្សារទួលទំពួង ស្របពេលយើងពីរនាកជិះបណ្តើរជជែកគ្នាបណ្តើរ លោកចាងហ្វាងបានសួរយោបល់ខ្ញុំពីរឿង តារាចម្រៀង គាត់ថា មានតារាចម្រៀងពីរនាក់ និងអ្នកនិពន្ធម្នាក់ ដែលផលិតកម្មគេនោះដួលរលំ ហើយចង់សុំចូលមកខាងផលិតកម្មយើង តើ សុខុមឯងគិតយ៉ាងម៉េច? ល្អទេ ឬយ៉ាងណាដែរសុំជួយឲ្យយោបល់ខ្ញុំផង ។
ខ្ញុំគ្រាន់តែឮចឹងភ្លាមក៏ទាយ ក្នុងចិត្តដឹងមុនស្រេចទៅហើយថា ជាក្រុមណា ពួកណា ផលិតកម្មណា ហើយមានគ្នាដល់ទៅ៣នាក់ទៀត គឺថាច្បាស់ណាស់ ។ តែខ្ញុំអត់សួរគាត់ថាជានរណាខ្លះទេ ប៉ុន្តែខ្ញុំប្រាប់ទៅលោកចាងហ្វាងវិញថា អូខេ បើបងសួរខ្ញុំចឹងទៅហើយ ខ្ញុំនឹងឆ្លើយហើយវិភាគឲ្យបងស្តាប់ខ្លះៗ តែសន្យាថា កុំអន់ចិត្តនិង ខ្ញុំបើខ្ញុំនិយាយទៅវាចំៗពេក ឬប៉ះពាល់អារម្មណ៍បង ហើយបើបងនៅតែចង់បានក្រុមនោះមែន ផលិតកម្មបងនិង ដូចខ្ញុំវិភាគថ្ងៃនេះមិនខាន នៅថ្ងៃក្រោយ ។ គាត់ក៏ព្រមឲ្យខ្ញុំនិយាយពាក្យពិតក្នុងចិត្តឲ្យគាត់ស្តាប់ ។
ខ្ញុំប្រាប់គាត់ថា បង រាល់ថ្ងៃបងដូចជាឪពុកគេហើយ បងមានកូនល្អៗដែលស្តាប់បង្គាប់ហើយបងបង្កើតពួកគេដោយផ្ទាល់ គ្រប់យ៉ាងកំពុងមានសុភមង្គល គ្រួសារយើងកំពុងរីកចម្រើន កំពុងមានចំណូលរាប់ម៉ឺនក្នុង១អាល់ប៊ុម ៗ ហើយចុះបងចង់រើសកូនគេបីបួននាក់មកចិញ្ចឹមធ្វើអីទៀត? ទីនេះផ្ទះយើង ជំនួញយើងមិនសាលាឆទានទេបង ។ ហើយបើតាមខ្ញុំដឹងក្រុមដែលបងចង់បាននោះ គេជាមនុស្សជិះក្របីចម្លងភក់តែប៉ុណ្ណោះ” ។
ក្នុងសាររបស់លោក បានបន្តទៀតថា “បងគួរមើលថែកូនបង្កើតឲ្យបានល្អប្រសើរជាងកូនចិញ្ចឹម ព្រោះកើតចេញពីផ្ទៃយើង ឈាមយើង ។ ខ្ញុំដឹងគំនិតបង បងចង់បានពួកគេមកគឺរំពឹងថា នឹងឈរលេខរៀងទី១ តែខ្ញុំមើលឃើញថា លេខ ១តែមួយឆាវតែប៉ុណ្ណោះបើមានវត្តមានពួកគេ បន្ទាប់មកបងនឹងជួបព្យុះភ្លៀងស្ទើរតែគ្មានលេខរៀងឈរ ។
កាលនោះខ្ញុំនិយាយច្រើនណាស់ ពន្យល់គាត់ក៏ច្រើន តែទឹកមុខគាត់ហាក់មិនពេញចិត្តនឹងខ្ញុំ គាត់គិតថាខ្ញុំច្រណែនឬមានរឿងជាមួយបុគ្គលទៅវិញ ។ ខ្ញុំបានហាមគាត់ចុងក្រោយ តាមទូរស័ព្ទម្តងទៀតដាច់ខាត ថា បងកុំទទួល អ្វីដែលបងគិតថាជាលាភ វាក៏អាចជាគ្រោះដែរ តែមិនដឹងយ៉ាងម៉េច បានប្រហែល ១០ថ្ងៃ ឃើញគ្រប់ទស្សនាវដ្ដី ក្របមុខធំៗដាក់ចំណងជើងឡើងផ្អើល ផ្ទុះរបស់គាត់មែន មិនទាន់ចេញអាល់ប៊ុមផង ផ្ទុះមុនបាត់ទៅហើយ
ចំណងជើងទស្សនាវដ្ដីជំនាន់នោះ
ស្ងាត់ៗបីនាក់…ដឹកដៃគ្នាចូលផលិកម្ម…..
ខ.ម.ចោលទ្រនុំចាស់ផ្លាស់ចូល….
អីយ៉ាស់ញាក់សាច់ផលិតកម្ម…បើកទ្វារទទួល…..
ក្រោយបាត់មុខមួយរយៈបីនាក់….ហក់ចូល….
ខ្ញុំគ្រាន់តែឃើញចំណងជើងទស្សនាវត្តីភ្លាម ខ្ញុំញញឹម ហើយក៏លែងទៅធ្វើការមួយរយៈ ព្រោះខ្ញុំដឹងថា ទឹកមាត់ខ្ញុំសាប កន្លែងនេះមិនសមនឹងខ្ញុំទៀតទេ ខ្ញុំធ្វើការរបៀបគ្មានកម្លាំងចិត្តរងចាំតែដាច់កុងត្រានឹងអាលចាកចេញដោយមិនស្តាយស្រណោះ ។
បន្ទាប់ពីពួកគេចូលផលិត កម្មភ្លាម កន្លែងដែលខ្ញុំអង្គុយធ្វើការ ស្ងប់ស្ងាត់ ក្លាយជាកន្លែងដែលពួកគេស្រែកឡូឡា រញ៉េរញ៉ៃបន្ទាប់ពីពួកគេ ចេញអាល់ប៊ុមដំបូងភ្លាម ផ្ទុះរបស់គេមែន ល្បីមែន ពួកគេដូចបានកើតម្តងទៀត ល្បីណាស់ ល្បីបន្តបន្ទាប់ឥតឈប់ ហើយខាងផលិតកម្មក៏មានស្ព័នស័ រហូចូលមករាប់សិបមុខ រាប់ម៉ឺនដុល្លារ មានបានយ៉ាងឆាប់រហ័ស តែគ្រប់យ៉ាង មិនទៀងទាត់ឡើយ ។
ចរិតតារា ចរិតអ្នកនិពន្ធ ចរិតមេដឹកនាំខ្លះ មានតែអ្នកធ្វើការជាមួយជិត ស្និទ្ធតែប៉ុណ្ណោះដែលដឹងថាយ៉ាងណា នៅមុខមហាជន តារាមួយចំនួន គឺជា សុភាពបុរស សុភាពនារី គឺជាអាយដលគួរឲ្យគោរពស្រលាញ់ បើដឹងធាតុពិត ចរឹតពិតវិញ ពាលជាគ្នា បិសាចរាត្រីជាគ្នា ។ តែហ្នើយ ចុងក្រោយខ្ញុំបានឃើញអ្វី ដែលខ្ញុំបាននិយាយកាលពីជាង១០ឆ្នាំមុនបណ្តើរៗហើយ ។
ដោយសារគុទាវ១ចាន ខ្ញុំបានធ្វើឲ្យគេស្អប់ខ្ញុំ តែដោយសារគុយទាវ១ចាន ខ្ញុំបានប្រាប់ពីហានីភ័យរបស់គេ១០ឆ្នាំបន្ទាប់ ខ្ញុំគួតែសុំទោសគេ ឬគេគួរតែអរគុណខ្ញុំ? ចុងក្រោយយ៉ាង ម៉េចហើយ? ពួកគេនៅរួមរស់ជាមួយបងទេ? ពួកគេមានបារម្ភពីបងទេ? ហើយខ្ញុំនិយាយកាលពី១០ឆ្នាំមុន ជាមួយបងតែពីរនាក់នោះ ត្រូវខ្លះទេ?” ។
ក្រោយពីលោក សាន សេក សុខុម បានបង្ហោះសារយ៉ាងដូច្នេះហើយ មានអ្នកស្គាល់លោកមួយចំនួនបានជជីកសួរថា តើតារាចម្រៀងដែល សាន សេកសុខុម បង្ហើបថា មានគ្នា ០៣នាក់ និងផ្ដើមដោយអក្សរកាត់ ខ.ម នោះជានរណា? ជាលោក ខេមរៈ សិរីមន្ត ឬ?
ផ្អែកតាមសំណេររបស់លោក សាន សេកសុខុម ដែលលោកនិយាយផ្ដោត ទៅលើផលិតកម្មមួយ ដែលលោកធ្វើការកាលពី ១០ឆ្នាំមុន ច្បាស់ណាស់គឺជាផលិតកម្មសាន់ដេ ដោយផលិតកម្មមួយនេះ ចាប់ផ្ដើមមានអ្នកស្គាល់ច្រើន ក្រោយពីចេញបទចម្រៀងរបស់លោក មាស សាលី មានចំណងជើងថា “អង្គរក្សបេះដូង” និង “រំចង់ប្រែពណ៌” ។
កេរ្តិ៍ឈ្មោះរបស់ផលិតកម្មសាន់ដេ កាន់តែល្បីរន្ទឺពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានការចូលរួមជាបន្តបន្ទាប់ពីសំណាក់តារាចម្រៀងល្បីៗមកពីផលិតកម្មតូច ធំ នានាក្នុងប្រទេសកម្ពុជា ។
កត់សម្គាល់ឃើញថា នាកំលុងឆ្នាំ ២០០៨-២០១១ ក្រោយពីមានវត្តមានតារាចម្រៀង ក៏ដូចជាអ្នកនិពន្ធ ៣នាក់បងប្អូន គឺលោក ខេមរៈ សិរីមន្ត កញ្ញា ខេមរៈ ស្រីពៅ និងលោក ខេមរៈ ភារុណ ចូលមករួមទ្រនំ ក្នុងផលិតកម្ម សាន់ដេ ហើយនោះ ផលិតកម្មមួយនេះស្ទើរតែក្លាយ ជាផលិតកម្មយក្សតែមួយគត់ ក្នុងប្រទេសកម្ពុជា ដែលមានអ្នកគាំទ្រ ច្រើនបំផុត ។
កាលនោះប្រជាប្រិយភាពរបស់លោក ខេមរៈ សិរីមន្ត ចាប់ផ្ដើមល្បីរន្ទឺខ្លាំងនឹកស្មានមិនដល់ ចាប់តាំងពីបទចម្រៀងដំបូងរបស់លោក ក្នុងផលិតកម្មមួយនេះ គឺបទ “ទុកឱកាសបងខ្លះបានទេ” “ខ្ញុំខុសមែនទេ” និងក្រោយៗមកទៀតគឺបទ “ទៅដណ្ដឹងកូនគេ” “គ្មានថ្លៃគ្មានថ្ងៃរស់” “ព្រួយជាមួយច័ន្ទ” “បងខុសហើយ” និងជាច្រើនបទទៀតដែលមិនអាចរៀបរាប់អស់ ។
យ៉ាងណាក៏ដោយ សម្រាប់សំនួរដែលសួរថា “តើតារាចម្រៀងដែលមានឈ្មោះជាអក្សរកាត់ ខ.ម នោះជានរណា?” លោក សាន សេកសុខុម ពុំបានបញ្ជាក់ឡើយ ដោយគ្រាន់តែនិយាយថា មិនអាចប្រាប់បានទេ ព្រោះប៉ះពាល់សិទ្ធបុគ្គល ៕
ដោយ៖ ម៉ានី