ភ្នំពេញ៖ ពិធីការិនី ពេជ្រ សេរីរ័ត្ន ដែលជានិច្ចកាល តែងតែមានមុខនៅលើឆាក កម្មវិធីទូរសទស្សន៍ និងកម្មពិធីតូចធំ នានា នោះ ស្រាប់តែមួយរយៈធំចុងក្រោយនេះ វត្តមានរបស់នាងហាក់ដូចជា ស្ងប់ស្ងាត់រសាត់ឆ្ងាយ ស្ទើតែធ្វើឱ្យទស្សនិកជន ភ្លេចមុខបាត់ទៅហើយ ។


យ៉ាងណាមិញ ត្បិតតែការងារសិល្បៈពុំសូវមាន ប៉ុន្តែគេដឹងថា ពិធីការិនីសម្ដីផ្អែមស្រទន់រូបនេះ កំពុងមរមាញឹកជាមួយ មុខរបររកស៊ីផ្ទាល់ខ្លួន ដោយកំពុងដំណើរការហាងលក់ចំណី អាហារហូបចុកមាន ឈ្មោះថា I’m Spicy Soup ជាមួយប្អូនស្រី របស់នាង គឺកញ្ញា ជីជី ។
ជាមួយគ្នានេះដែរ មួយរយៈចុងក្រោងនេះ ពេជ្រ សេរីរ័ត្ន ក៏តែងតែបង្ហាញខ្លួន ឡាយលក់ចំណីអាហារ នៅហាងរបស់នាង ហើយអ្វីដែលធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍ខ្លាំងនោះឃើញថា នាងហាក់ដូចជា ធ្វើខ្លួនសិចស៊ីប្លែក ហើយសម្រស់ទៀតសោត ក៏កាន់ស្អាតជាងមុន ពោលគឺមើលមួយភ្លែត ស្ទើតែមិនស្គាល់ថាជា ពេជ្រ សេរីរ័ត្ន ឡើយ ។


គួរឱ្យដឹងដែរថា ពេជ្រ សេរីរ័ត្ន ត្រូវបានគេស្គាល់ថា ជាពិធីការិនីដែលមានរូបសម្ផស្ស ស្រស់ឆើតឆាយស្រគត់ស្រគំ និងល្បីឈ្មោះបំផុត ប្រចាំស្ថានីយទូរទស្សន៍ បាយ័ន ប៉ុន្តែក៏ស្ងាត់ទៅវិញ ។ ក្រោយមកទៀត នាងក៏បានក៏សាងកេរ្តិ៍ឈ្មោះឡើងវិញបន្តិច តាមរយៈកម្មវិធីតុបំភ្លឺ របស់ស្ថានីយទូរទស្សន៍ MYTV ។
យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះប្រជាប្រិយភាព របស់ពីធីការិនីខាងលើ ហាក់ដូចជាត្រូវបានបាត់បង់ទាំងស្រុង ខណៈដែលកាលពីប៉ុន្មានខែមុន ក៏ធ្លាប់មានព័ត៌មាន ចរចាមអារ៉ាមថា ពេជ្រ ស្រីរ័ត្ន ត្រូវបានប្រពន្ធដើម បុរសអ្នកមានទ្រព្យសម្បត្តិម្នាក់ តាមមករករឿងដល់ផ្ទះ ដោយចោទប្រកាន់ថា នាងលួចមានទំនាក់ទំនង ស្នេហាលួចលាក់ជាមួយប្ដីគេ ៕ ដោយ៖ ម៉ានី



