ភ្នំពេញ៖ អតីតតារាសម្ដែងប្រុស រូបសង្ហារ លី ឡានី កាលពីពេលថ្មីៗនេះ បានទទួលការចាប់អារម្មណ៍ជាថ្មីម្ដងទៀត ពីសំណាក់ទស្សនិកជន ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីអវត្តមានលើវិថីសិល្បៈ ប្រមាណខ្ទង់ ១០ឆ្នាំជាង រួចមក ។

ការចាប់អារម្មណ៍ជាថ្មីនេះផងដែរ គឺដោយសារទស្សនិកជន បានឃើញពីជីវិតដ៏ស្រស់បំព្រង ជាមួយក្រុមគ្រួសារដ៏តូចរបស់លោក គឺភរិយា និងកូនស្រីតូចៗចំនួន ២នាក់ ក្រោម ដំបូលផ្ទះវីឡាដ៏ស្កឹមស្កៃ ។ ដែលសកម្មភាពនេះ ភាគច្រើនលោកតែងតែបង្ហោះ នៅលើគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនឈ្មោះ «Ly Lany» ។
ទាក់ទងជាមួយគ្នានេះដែរ ក៏មានចម្ងល់ជាច្រើន ពីសំណាក់ទស្សនិកជនទាក់ទង នឹងជីវិតឯកជនរបស់លោក លី ឡានី បន្ទាប់ពីលាឈប់ពីវិសិល្បៈជាង មួយទសវត្សរ៍មកនេះ ។
ជួបជាមួយ LookingToday តាមរយៈទូរស័ព្ទអតីតតារាសម្ដែងកូនកាត់ខ្មែ-ឥស្លាម រូបនេះ បានឱ្យដឹងថា ១០ឆ្នាំជាង មកហើយ ដែលលោកបានលាឈប់ពីវិស័យសិល្បៈ ពោលគឺត្រឹមតែ ៤ ទៅ ៥ ឆ្នាំប៉ុណ្ណោះ ក្រោយពេលលោកចូលប្រឡូកសិល្បៈក្នុង កំលុងឆ្នាំ ២០០៥ ។
ក្នុងរយៈពេលខ្លីនៅក្នុងសង្គមសិល្បៈនេះ លោក ឡានី បានក៏សាងប្រជាប្រិយភាពខ្លាំងតាមរយៈការសម្ដែងជាតួឯកប្រុសក្នុងរឿងភាគ “ងារជាប្រពន្ធ” ហើយរឿងចុងក្រោយរបស់លោក គឺមានចំណងជើងថា “ទ្រុងមាសបក្សីស្នេហ៍” ដែលសម្ដែងជាតួឯកជាមួយតារាស្រី កែវ និសា ។


ទាក់ទងជាមួយជីវិតឯកជនរបស់បុរសមុខមានមន្តស្នេហ៍រូបនេះ ដែលកន្លងមកតែងតែបង្ហាញពីភាពរីករាយ ស្នាមញញឹមជាមួយក្រុមគ្រួសារ និងទ្រព្យសម្បត្តិជាច្រើនដូចជារថយន្តទំនើប និងផ្ទះវីឡាផងនោះ លោកក៏បាន បង្ហើបឱ្យដឹងថា តាមពិតទៅដោយសារ តែលោកមានភិរិយា ជាកូនស្រីអ្នកមានធន់ធានស្ដុកស្ដម្ភ ស្រាប់ ដែលឪពុកម្ដាយក្មេករបស់លោក ជាអ្នកជំនួញនៅសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះ ភរិយារបស់លោក ក៏កំពុងតែជោគជ័យជាមួយមុខ ជំនួញលក់ផលិតផលសម្អាត ដែលមានឈ្មោះ Nasa cosmetic ផងដែរ ចំណែកលោក គ្រាន់តែជាមន្ត្រីរាជការធម្មតា និងមានរបរលក់រថយន្តខ្នាតតូចម្នាក់ប៉ុណ្ណោះ ។



«មិនលាក់បាំងទេ ខ្ញុំមានបានសព្វថ្ងៃនេះ ដោយសារតែភរិយារបស់ខ្ញុំ គាត់គឺជាកូនស្រីអ្នកមានទ្រព្យសម្បត្តិម្នាក់ នៅខេត្តកំពង់ចាម ព្រោះឪពុកម្ដាយគាត់ ជាអ្នកជំនួញ នៅសហរដ្ឋមេរិក ចំណែកខ្ញុំមានមុខរបរលក់ឡានមួយគ្រឿង ពីរគ្រឿង និងជាមន្ត្រីរាជការ នៅកងរាជអាវុធហត្ថខេត្តកំពង់ចាម ធម្មតាប៉ុណ្ណោះ» ។ លោក លី ឡានី និយាយ ។





គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ លោក លី ឡានី និង ក្រុមគ្រួសារ កំពុងរស់នៅក្នុងទីរួមខេត្តកំពង់ចាម ក្រោយពីរៀបអាពិហ៍ពិពាហ៍កាលពិឆ្នាំ ២០១៦ ។ អតីតតារាសម្ដែងរូបនេះថែមទាំងបញ្ជាក់ថា លោកពុំមានបំណងវិលចូលក្នុងវិស័យសិល្បៈវិញឡើយ ៕
ដោយ៖ ម៉ានី



