តារាចម្រៀងចាស់វស្សា ប្រចាំនៅផលិតកម្ម រស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ នៅតែរងសម្ពាធផ្លូវចិត្ត និងរើសអើងពីប្រិយមិត្តខ្លះ ទាក់ទងនឹងលោកភ្លាត់ខ្លួនឆ្លងមេរោគ នៃជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២១ ។ មុនឡើងឆាកប្រគុំតន្ដ្រីមួយ កាលពីពេលថ្មីៗនេះ លោកបានព្រលះអ្នករើសអើង លោកយ៉ាងចាស់ដៃ ។
លោក ណុប បាយ៉ារិទ្ធ ចោទជាសំណួរថា ប្អូនៗដែលពូកែទើស ឬអ្នកទើសជាអាជីពនោះ នឹងបានផលអ្វីមកវិញ? លោកថា លោកជាអតីតអ្នកជំងឺកូវីដ-១៩ មែន ប៉ុន្ដែលោកព្យាបាលបានជាសះស្បើយ ហើយគ្រូពេទ្យអនុញ្ញាត ឲ្យចេញពីពេទ្យទៀត ។
លោក ណុប បាយ៉ារិទ្ធ “បងជាសះស្បើយ១០០% តាំងពីថ្ងៃទី១៤ ខែមេសា ហេតុអីបងធ្វើការវិញអត់បាន?…ហេតុអីក៏រើសអើងយ៉ាងហ្នឹង! ចុះបើធ្លាក់លើអូនឯងវិញ អូនឯងគិតម៉េច?” ។
មុនឡើងឆាកតារាចម្រៀងរូបនេះ បានបង្ហោះរូបថតរបស់ខ្លួន ហើយប្រកាសថា ជួបជាមួយលោកថ្ងៃនេះ ក្នុងការប្រគុំតន្រ្ដីភេជ្ជៈប៉ូវកម្លាំងCarabao នៅស្ទូឌីយោស្ថានីយទូរទស្សន៍ហង្សមាស នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង១១ព្រឹលតទៅ។ គេមិនបានដឹង ឬឃើញសាររិះគន់នោះយ៉ាងណាទេ ប៉ុន្ដែលោក ណុប បាយ៉ារិទ្ធ ចាត់ទុកថានេះការរើសអើងរូបលោក ធ្លាប់ឆ្លងជំងឺកូវីដ-១៩ ហើយលោកបញ្ជាក់ថា “បើអាចសុំកុំឲ្យលោកឃើញនូវសាររើសអើងពីប្អូនៗទាំងនោះទៀត ៕ sabay