ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញអគ្គលេខាធិការគណៈ វិស្វករកម្ពុជា បន្តពិនិត្យកែសម្រួលសេចក្តីព្រាងស្តីពី ក្រមសីលធម៌វិស្វករឱ្យមានភាពគ្រប់ជ្រុងជ្រោយ ដើម្បីលើកម្ពស់ការប្រកបវិជ្ជាជីវៈវិស្វកម្ម គុណភាព និងប្រសិទ្ធភាពនៃការប្រតិបត្តិរបស់វិស្វករ ព្រមទាំងការពារផលប្រយោជន៍សាធារណៈ។
លោកបណ្ឌិតអ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ក្នុងកិច្ចប្រជុំកិច្ចប្រជុំតាម រយៈប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១ បានណែនាំឱ្យអគ្គលេខាធិការគណ:វិស្វករកម្ពុជា បន្តពិនិត្យកែសម្រួលសេចក្តីព្រាងនេះ ជាមួយក្រុមអ្នកច្បាប់របស់ក្រសួង មុននឹងដាក់ឆ្លងការ ពិនិត្យសម្រេចម្តងទៀត មុននឹងស្នើសុំការសម្រេចចុះហត្ថលេខា ពីសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកមានប្រសាសន៍ថា “ការពិនិត្យផ្តល់មតិយោបល់ និងធាតុចូលបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ក្រមសីលធម៌វិស្វករនេះ ដើម្បីឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ កាន់តែស្របតាមលិខិតបទដ្ឋានគតិយុត្ត និងកំណត់ច្បាស់លាស់ អំពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់វិស្វករនៅកម្ពុជា ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលចុះហត្ថលេខា នាពេលខាងមុខ”។
លោកបានបញ្ជាក់ថា ការបង្កើតសេចក្តីព្រាងនេះ គឺសំដៅលើកកម្ពស់សីលធម៌របស់វិស្វករ សេចក្តីថ្លៃថ្នូរ និងភាពសុចរិតក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម គុណភាព និងប្រសិទ្ធភាពនៃការប្រតិបត្តិរបស់វិស្វករ ព្រមទាំងការពារផលប្រយោជន៍សាធារណៈ៕ ប្រភព៖propertyarea.asia