ភ្នំពេញ ៖ មួយរយៈធំចុងក្រោយនេះ ដោយសារតែវិបត្តិ នៃជំងឺកូវីដ១៩ ទើបការងារសិល្បៈ មួយចំនួនធំត្រូវបានផ្អាក បណ្ដោះអាសន្ន ជាហេតុធ្វើឱ្យ តារាប្រុសស្រី ជាច្រើន បានត្រឹមតែ បង្ហោះអួត សម្រស់តែនៅលើបណ្ដាញ សង្គមប៉ុណ្ណោះ ។
តួយ៉ាងដូចជា តារាសម្ដែង និងម៉ូឌែល ស៊ឹម ស្រីមុំ ជារឿយៗ តែងតែឃើញនាង បង្ហោះរូបថតស្អាតៗ សិចស៊ីៗ នៅលើគណនីហ្វេស៊ុករបស់នាង ដោយទទួលបានការចូលចិត្ត ចុច Like និងបេះដូង យ៉ាងច្រើន ជាពិសេស គឺអ្នកគាំទ្របុរសៗតែម្ដង ។
តារាស្រីសាច់ស ដូចសំឡី រូបនេះ ត្រូវបានទស្សនិកជន អ្នកគាំទ្រ ចាប់អារម្មណ៍ឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ សម្រស់របស់នាង កាន់តែស្រស់ស្អាតផូផង់ ពិតជាស័ក្ដិសម ជាមួយការតុបតែងខ្លួន បែបសិចស៊ីរបស់នាងខ្លាំងណាស់ ។
គួរឱ្យដឹងដែរថា តារាសម្តែង និងម៉ូដែល ស៊ឹម ស្រីមុំ ប្រឡូកសិល្បៈ ៨ឆ្នាំហើយ ពោលគឺតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ។ ការឈានជើងចូលប្រឡូក ក្នុងវិស័យសិល្បៈនេះ តាមរយៈការប្រលង កញ្ញាឯក ប្រីជតុន ឆ្នាំ ២០១៣ ប៉ុន្តែកាលនោះ នាងមិនបានទទួលជ័យលាភីឡើយ ដោយបានត្រឹមដល់វគ្គ ១០នាក់ចុងក្រោយប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ ដោយការខិតខំប្រឹងប្រែង និងរូបសម្រស់ អំណោយផល ពីធម្មជាតិទៀតនោះ ទើបក្រោយពីធ្លាក់ពីការប្រឡង មានខាងក្រុមដើរម៉ូដមួយ ចាប់អារម្មណ៍ នាងក៏បានទាក់ទង ឱ្យទៅដើរម៉ូដជាមួយតែម្ដង។
ការវិវត្តន៍ខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ ខាងផលិតកម្មនានា បានមើលឃើញពីសមត្ថភាព និងស្គាល់នាងតាមរយៈការដើរម៉ូដ ក៏ត្រូវបានផលិតកម្មផ្សេងៗ ទាក់ទងថត MV និង ស្ព័តពាណិជ្ជកម្ម។ ហើយសម្រាប់ MV ដែលធ្វើឱ្យទស្សនិកជន កាន់តែស្គាល់នាងច្បាស់គឺតាមរយៈ “ខ្ញុំខ្លាចហើយលុយ ” “បែកអូន បងមានលុយចាយ ច្រើនជាងមុន” “កុំដុតបងឈឺពេក” “លាក់ទឹកភ្នែកក្រោយខ្នង ” ចំណែករឿងដុំវិញ ដូចជា “រនាតស្នេហ៍” និង “អ្នកលេងជើងខ្វេរ”ជាដើម។ ហើយនាង ក៏បានមានឱកាសម្ដែង ជាតួឯកស្រីដែរ នៅក្នុងរឿងភាគរបស់ស្ថានីយទូរទស្សន៍ PNN គឺរឿង “អ្នកទីបី” ៕
ដោយ៖ ម៉ានី