ភ្នំពេញ៖ អតីតតារាចម្រៀង អេន ជី ក្រោយពីបានចូលរោងការ ជាមួយបុរសជាអភិជនហើយនោះ ពេលនេះ វត្តមានរបស់នាង កាន់តែរសាត់ឃ្លាតឆ្ងាត ពីពិភពសិល្បៈ ដែលស្ទើរតែធ្វើឱ្យទស្សនិកជនភ្លេចមុខ ភ្លេចសំឡេង នាងបាត់ទៅហើយ ។
យ៉ាងណាក៏ដោយ ទោះជា អេន ជី លែងមានបទចម្រៀងថ្មីៗ នៅក្នុងផលិតកម្មសាន់ដេ ក៏ពិតមែន តែនាងនៅតែអាចបង្ហាញមុខ និងសម្រស់ដ៏ស្រស់ក្រកាល ដូចព្រះនាង តាមរយៈបណ្ដាញសង្គម ក្នុងចេតនាបង្ហាញ ឱ្យអ្នកគាំទ្ររបស់នាង បានដឹងថា ពេលនេះនាងកំពុងរីករាយ និងមានសុភមង្គលបំផុត ជាមួយក្រុមគ្រួសារតូចរបស់នាង ។
ទាក់ទងជាមួយសម្រស់របស់ អេន ជី វិញ ត្បិតតែកំពុងមានកូនមួយអាយុជិត ១ឆ្នាំ ក៏ពិតមែន ប៉ុន្តែសម្រស់របស់នាងកាន់តែ ស្រស់ស្អាតខ្លាំង ជាងកាលនៅលីវ ថែមទៀត ។ នេះបញ្ជាក់ឱ្យឃើញថា ជីវិតរបស់នាង ពោពេញទៅដោយក្ដីសុខ សុភមង្គលទាំងផ្លូវកាយ និងផ្លូវចិត្ត ។
កត់សម្គាល់ឃើញថា ទោះជាពេលនេះម្ចាស់បទ «កុំទាន់បែកចិត្តពីអូន» កំពុងរស់ក្រោមដំបូលគ្រួសារអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភយ៉ាងណាក៏ដោយ ក៏នាងនៅតែខំធ្វើជំនួញដោយខ្លួនឯង និងក៏កំពុងជោគជ័យទៅលើរបរ លក់គ្រឿងសម្អាង លើ Online ផងដែរ ។
គួរឱ្យដឹងដែរថា អតីត តារា ចម្រៀង អ្នកនាង អេន ជី បានសម្រេច ចូល រោងការ ជាមួយ លោក គង់ សុខអេង ដែល ត្រូវបានគេដឹង ថា ជា ប្អូន ប្រុស បង្កើត ម្ចាស់ ហាង លក់ សម្លៀក បំពាក់ ឈ្មោះ «រ៉ាយុទ្ធ» និងជាប្អូនប្រុសបង្កើតរបស់ប្ដីអតីតតារាចម្រៀង ផាន់ ម៉ូនីកា គឺ លោក គង់ សុខម៉េង ដែលមានតួនាទី ជាជំនួយការផ្ទាល់សម្ដេចក្រឡាហោម ស ខេង ទៀតផង ។
អាពាពិពាហ៍របស់ អេន ជី និងស្វាមី បានធ្វើឡើងកាលពី ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៨ យ៉ាង អធិកអធម នៅ សណ្ឋាគារ សុខា ភ្នំពេញ ក្រោមវត្តមាន ចូលរួមពីសំណាក់អ្នកមុខអ្នកការ និងអ្នកមានមុខមាត់ ក្នុងសង្គមជាច្រើននាក់ផងដែរ ៕
ដោយ៖ ម៉ានី





