តារាចម្រៀងដែលនៅតែមានឈ្មោះ បោះសំឡេងខ្លាំងក្នុងផលិតកម្មថោន គឺលោក ករុណា ពេជ្រ បានបង្កើតមន្ទិល ដល់អ្នកគាំទ្ររបស់ខ្លួន និងមិត្តសិល្បៈជាច្រើនក្រោយពីលោកបង្ហាញភាព ស្និទ្ធស្នាលជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ដែលលោកអះអាងថា នារីម្នាក់នោះ គឺជាក្រមុំខេត្តកំពង់ស្ពឺ។
លោក ករុណា ពេជ្រ បានប្រាប់ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ថា នារីម្នាក់ ដែលលោកកាន់ដៃនោះ គឺជានារីដែលលោកស្គាល់ ហើយមានទំនាក់ទំនងគ្នាធម្មតា ។ លោកថា បើលោកស្រឡាញ់នារីម្នាក់នេះមែន ក៏មិនទាន់ទៅរួច ក្នុងការគិតគូររឿងរៀបការដែរ ព្រោះលោកនៅជាប់ឪពុក ត្រូវមើលថែជាចាំបាច់ ហើយក្នុងកាលៈទេសៈនេះ ក៏មិនអំណោយផលដល់ការរៀបការ ឬធ្វើពិធីផ្សេងៗដែរ ។
ករុណ ពេជ្រ៖ “អត់ទាន់ច្បាស់ថា គិតគូររឿងរៀបការ ពេលណាទេបង…ឥឡូវខ្ញុំនៅមានប៉ាមើលថែ បើគិតរឿងហ្នឹងយើង ថែមបន្ទុកមើលថែមួយទៀតហើយ។ ខ្ញុំស្គាល់គាត់(នារី)…ពិបាកអីគ្រាន់តែកាន់ដៃគ្នា សម័យឥឡូវគេជិះម៉ូតូឱបគ្នាផងបង… នារីម្នាក់ហ្នឹងត្រូវជាអី? បងចាំតាមដានមើលសិនទៅ”។
ករុណា ពេជ្រ បានបង្ហាញរូបថតស្និទ្ធស្នាល ជាមួយនារីម្នាក់នៅស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ជាបន្តបន្ទាប់តាមបណ្ដាញ សង្គមតាំងថ្ងៃម្សិលមិញ រហូតដល់ថ្ងៃនេះ ។ ភ្ជាប់ជាមួយរូបថតស្និទ្ធស្នាលទាំងនោះ លោកបានសរសេរសារភ្ជាប់ថា “យើងអ្នកកំពង់ស្ពឺដូចគ្នា មានតែនាំគ្នាដើរលេងកំពង់ស្ពឺ” និងសារថា “មន្ដស្នេហ៍កំពង់ស្ពឺ” ជាដើម ។ បន្ទាប់ពីបង្ហោះសារ និងរូបថតស្និទ្ធស្នាល មានអ្នកគាំទ្រមិនតិចទេ ចូលសរសេរសារអបអរ និងខ្លះងឿងឆ្ងល់បង្កើតបានជាសំណួរចំៗតែគេសង្កេតឃើញលោក មិនឆ្លើយតបនឹងសំណួរទាំងនោះទេ ៕ sabay